ក្នុង​មួយឆ្នាំៗ ​ពលករ​ខ្មែរ​ធ្វើការ​ក្រៅប្រទេស ​ផ្ញើរ​ប្រាក់​ជូន​ក្រុមគ្រួសារ​​ប្រហែល $២,៨​ពាន់​លាន

ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ អះអាងថា ក្នុង​មួយឆ្នាំៗ តាម​ការប៉ាន់ប្រមាណ​ពី​ការប្រាក់​បញ្ញើ​ដែល​បងប្អូន​ពលករ​ដែ​ល​រស់នៅ​និង​ធ្វើការ​ក្រៅប្រទេស ដែល​បាន​ផ្ញើរ​ប្រាក់​ជូន​ក្រុមគ្រួសារ​ចំនួន​ប្រហែល ២,៨​ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​តាមរយៈ​ទឹកប្រាក់​ទាំងនេះ​បាន​ចូលរួមចំណែក​ជំរុញ​ដល់​កំណើន សេដ្ឋកិច្ចជាតិ ហើយ​ជីវភាព​រស់នៅ​របស់​ក្រុមគ្រួសារ​ពលករ​កាន់តែ​ប្រសើរឡើង​ផងដែរ​។

​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សម្រេចបាន​ប្រចាំឆ្នាំ​២០២១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២២ របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) លោក អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួងការងារ បានអោយដឹងថា គិត​ត្រឹម​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​បានផ្តល់​ឱកាស​ការងារ​នៅក្រៅ​ប្រទេស​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ១.៣០១.៦០៩​នាក់ ក្នុងនោះ​ប្រទេស​ថៃ​មាន​ចំនួន ១.២២០.១៩៧​នាក់ ប្រទេស​កូរ៉េ​មាន​ចំនួន​ជាង ៤៥.០០០​នាក់ ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន ២៣.០២៧​នាក់ ប្រទេស​ជប៉ុន​មាន​ចំនួន ១១.៤៥៣​នាក់ ប្រទេស​សិង្ហ​បុរី​មាន​ចំនួន ៨២១​នាក់ ប្រទេស​ហុងកុង​មាន​ចំនួន ២០២​នាក់ និង​អារ៉ាប់​ប៊ី​សា​-​អូឌីត​ចំនួន ៤៣​នាក់​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បានលើកឡើង​បន្តថា កម្ពុជា​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រទេស​ជា​ដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហ​បុរី និង​ប្រទេស​មួយចំនួនទៀត ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​ពលករ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ពលករ​ដែ​ល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ទាំងនោះ បង្កលក្ខណៈ​សម្បត្តិ​ឱ្យ​ពលករ​ទទួលបាន​រប​ប​គាំពារ​សង្គម​ទាំង​បច្ចុប្បន្ន និង​ពេលដែល​វិលត្រឡប់​មកវិញ​៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds