AFF U23 ៖ កម្ពុជា ឈរលើកំពូលតារាង បន្ទាប់ពីយកឈ្នះប្រ៊ុយណេដល់ទៅ ៦ទល់នឹង០
ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា (U23) ឈរលើកំពូលតារាង បន្ទាប់ពីយកឈ្នះគូប្រជែង U23 ប្រ៊ុយណេដល់ទៅ ៦ទល់នឹង០ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២។
៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរ បានជួយឲ្យគោព្រៃជំទង់កម្ពុជា ឡើងទៅឈរនៅកំពូលតារាងផងដែរ ដ្បិត U23 ហ្វីលីពីន និងទីម័រខាងកើតបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះដែរ។
កម្ពុជាបានបើកការនាំមុខប្រ៊ុយណេ ៣ទល់នឹង០ នៅ៤៥នាទីដំបូង មុនបន្ថែម ៣គ្រាប់ទៀត នៅមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ២ម៉ឺននាក់ក្រោមដំណក់ទឹកភ្ញៀង ជាមួយនឹងការពន្យារពេល ៣០នាទីផងដែរ៕