ឯកឧត្ដម ស៊ុន ចាន់ថុល ជិះកង់ពិនិត្យផ្ទាល់ជិត ១ម៉ោង មិនឃើញមានអ្នកបំពានផ្លូវជិះកង់នៅសៀមរាបឡើយ!
ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ
នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញជិះកង់ ពិនិត្យមើលផ្លូវទោចក្រយាន និងផ្លូវសម្រាប់អ្នកថ្មើរជើង ក្រោយពេលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ តាមផែនការដែលបានគ្រោងទុក ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ចប់ជាស្ថាពរតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ។
គួររម្លឹកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣៨ខ្សែនេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩,២១៦,៥៩៥ ដុល្លារអាមេរិក
ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ
ចំណាយពេលសាងសង់ចំនួន ១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរដឹងផងដែរថាតាមរយៈវីដេអូឡាយផ្ទាល់អំពីការជិះកង់ត្រួតពិនិត្យពីសំណាក់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឃើញថាមិនមានរូបភាពនៃការបំពានផ្លូវទោចក្រយានឡើយ ដោយប្រជាពលរដ្ឋហាក់បានចូលរួមគោរពដល់ផ្លូវទោចក្រយានបានយ៉ាងល្អបំផុត៕