កម្ពុជា ជាប្រទេសដំបូងគេ ក្នុងតំបន់ទន្លេមេគង្គ ដែលកូរ៉េចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី
ភ្នំពេញ៖ លោក មួន ជេអ៊ីន ប្រធានាធិបតីកូរ៉េ បានឱ្យដឹងថា កម្ពុជា ជាប្រទេសដំបូងគេ ក្នុងតំបន់ទន្លេមេគង្គ ដែលកូរ៉េ បញ្ចប់ការចរចានិងចុះ ហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីហើយបាននិងកំពុងពន្លឿនការផ្ដល់សច្ចាប័ន ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ បានបញ្ចប់ការចរចា ព្រមទាំងត្រូវបានចុះហត្ថលេខា ជាផ្លូវការរួចរាល់ហើយ កាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នោះ ភាគីទាំងពីរ បាននឹងកំពុង ពន្លឿនការផ្ដល់សច្ចាប័ន ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន និងលោក មួន ជេអ៊ីន បានបញ្ជាក់ថា សារធារណរដ្ឋកូរ៉េ បានចាត់ទុកកម្ពុជា ជាប្រទេសមួយ ក្នុងចំណោមដៃគូសំខាន់ និងប្រទេសអាទិភាព សម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ សាធារណរដ្ឋកូរ៉េ។
លោកប្រធានាធិបតី បានលើកឡើងថា «កម្ពុជាជាប្រទេសក្នុងតំបន់ទន្លេមេគង្គដំបូងគេ ដែលសាធារណរដ្ឋកូរ៉េបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី»។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មូន ជេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ កន្លងទៅសំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕