សម្តេចស ខេង ណែនាំឲ្យអាជ្ញាធរសហការជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងពេលចុះបេសកម្ម
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិតមួយ ដោយបញ្ជាឱ្យ រដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវសហការឱ្យបានជិតស្និទ្ធ ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីសម្រួលដល់ការបំពេញបេសកកម្ម ។ ការចេញបញ្ជារនេះ បន្ទាប់ពីជំនួបប្រជុំប្រចាំឆមាស របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកយកបញ្ហាប្រឈមរបស់ខ្លួន ក៏ដូចជាបញ្ហាអសកម្មរបស់មន្ត្រីរាជការជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយ ។
នៅក្នុងលិខិត បានបញ្ជាក់ថា ភារកិច្ចរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលបានចែងក្នុងមាត្រា១០ ចំណុចទី៣ នៃព្រះរាជក្រឹត្យ ដូចមានចុះក្នុងយោងខាងលើ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ អាចតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។
លិខិតដដែលបន្ថែមថា ក្នុងស្មារតីនេះ ដើម្បីជួយសម្រួលដល់ការអនុវត្តភារកិច្ចរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ខ្ញុំសូមស្នើ ឯកឧត្តម លោកជំទាវ ផ្តល់កិច្ចសហការឲ្យបានជិតស្និទ្ធដល់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងការចុះបំពេញបេសកកម្មការងារនៅតាមរាជធានី-ខេត្ត ឲ្យដំណើការទៅដោយរលូនស្របតាមកម្មវិធីដែលបានគ្រោងទុក និងទទួលបានលទ្ធផលល្អប្រសើរ»។
សូមជម្រាប់ផងដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានឡើង កាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី០៦ នៃរដ្ឋសភានេះ ដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយក្រៅរដ្ឋសភាទាំងនោះ ចូលរួមបម្រើជាតិ៕