សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២» នៅប្រទេសកូរ៉េ
កូរ៉េ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញថ្លែងសុន្ទរកថា
និងទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២» ដែលបានធ្វើឡើងយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលសិល្បៈសកល ស្ថិតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានការចូលរួមដោយ ថ្នាក់ដឹកនាំសហព័ន្ធសន្តិភាពពិភពលោក និងបណ្តាមេដឹកនាំ អតីតមេដឹកនាំម កពីបណ្តាប្រទេសនានាជាច្រើនរូបទៀត ។ នៅក្នុងពិធីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញឡើងថ្លែងសុន្ទរកថា ជាកិច្ចស្វាគមន៍ចំពោះ ការផ្តល់ពានរង្វាន់ ដែលជាការផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេច សម្រាប់កិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងការរកនូវសុខសន្តិភាពសម្រាប់កម្ពុជា។
សម្ដេចតេជោបានថ្លែងថា សម្រាប់ខ្ញុំ, ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២ នេះ មិនមែនបានមកដោយសារតែខ្ញុំម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសាកសមនឹងទទួលបាននូវពានរង្វាន់ សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្ម ដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ច ដំណើរការ នៃការកសាងសន្តិភាព នៅប្រទេសកម្ពុជា ។
សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវ ទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហឹង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្លាប៉ុណ្ណានោះ ៕