កម្ពុជា ជាប្រទេសទី២ ក្នុងលោក ដែលដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន

ភ្នំពេញ ៖ កម្ពុជាប្រទេសអភិវឌ្ឍន៍តិចតួចទី២ ក្នុងពិភពលោក និងជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលបានដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ជាមួយនឹងគោលដៅឆ្នាំ២០៥០ សម្រាប់ការបញ្ចេញឧស្ម័នស្មើសូន្យ។ នេះជាការលើកឡើងរបស់លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ថ្លែងក្នុងឱកាសសម្ពោធប្រកាសដាក់ឱ្យប្រើប្រាស់យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក សាយ សំអាល់ បានបន្តថា ប្រទេសដែល បញ្ចេញឧស្ម័នច្រើននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ បន្តទៀតបន្ទាប់ពី COP26 ហើយបង្កើនមហិច្ឆតារបស់ពួកគេបន្ថែមទៀត ដើម្បីនំាពួកយើងទៅកាន់ការកម្រិតការកើនឡើងសីតុណ្ហភាពត្រឹម ១.៥ អង្សាសេ។

ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបញ្ជាក់ថា ជាពេលវេលាមួយដ៏មានមោទនភាពសម្រាប់កម្ពុជា គឺដោយសារតែឯកសារនេះ បាននាំមកនូវការប្តេជ្ញាចិត្តរយៈពេលវែងរួមគ្នាពីគ្រប់វិស័យសំខាន់ៗនៅក្នុងរដ្ឋាភិបាល។ យុទ្ធសាស្រ្តនេះមានភាពស៊ីសង្វាក់គ្នាយ៉ាងទូលំទូលាយជាមួយនឹងគោលដៅ Updated NDC ឆ្នាំ២០៣០ បន្ថែមពីនេះ វាក៏រួមបញ្ចូលនូវគោលដៅដែលប្រកបដោយមហិច្ឆតាផងដែរនាពេលអនាគត។

លោករដ្ឋមន្ត្រីបរិស្ថានរូបនេះ បន្ថែមថា ក្នុងវិស័យដឹកជញ្ជូនយុទ្ធសាស្រ្តនេះ មានគោលដៅដើម្បីសម្រេចបានការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ៣០% ក្នុងតំបន់ទីប្រជុំជនត្រឹមឆ្នំា២០៥០ បូករួមទាំងគោលដៅ ៤០% នៃរថយន្ត និងរថយន្តក្រុង និង ៧០% នៃម៉ូតូ ត្រូវបានរំពឹងថានឹងក្លាយជាយានយន្តអគ្គិសនីនៅឆ្នាំ២០៥០។

លោកថា «សម្រាប់ការ ផលិតថាមពលយុទ្ធសាស្រ្តនេះ បានធ្វើការបញ្ចូលការប្តេជ្ញាចិត្តថ្មីៗ របស់កម្ពុជាក្នុងការមិនសាងសង់រោងចក្រថាមពល ធ្យូងថ្មថ្មី និងគោលដៅ ថាមពលកកើតឡើងវិញ ៣៥% ក្នុងប្រភពថាមពល ចម្រុះត្រឹមឆ្នាំ២០៥០។ យើងក៏បានដាក់គោលដៅ កាត់បន្ថយការដុតសំណល់នៅទីវាលឱ្យបាន ៨៥% ផងដែរ។ នេះជាលើកទី១ សម្រាប់កម្ពុជា ដែលបានធ្វើការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងនេះ ហើយខ្ញុំសូមអរគុណជាថ្មីម្តងទៀត ដល់ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធដែលបានប្តេជ្ញាចិត្ត និងចូលរួមចំណែកផ្តល់ជាធាតុចូលសម្រាប់កិច្ចការនេះ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោក សាយ សំអាល់។

លោក សាយ សំអាល់ រំពឹងថា នឹងផ្តល់អត្ថប្រយោជន៍បន្ថែមប្រមាណ ២,៨% ទៅក្នុងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំនៅឆ្នាំ២០៥០ និងបង្កើតការងារបៃតងបន្ថែមចំនួន ៤៤៩,០០០កន្លែង។ សកម្មភាពទាំងនេះនឹងផ្តល់ជាអត្ថប្រយោជន៍រួមផងដែរ រួមទាំងភាពប្រសើរឡើង នៃសុខភាពពីការកាត់បន្ថយការបំពុល។ ការគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្តរភាពនឹងផ្តល់ជាអត្ថប្រយោជន៍ដូចជា ការទទួលបានទឹកប្រើប្រាស់ កាលានុវត្តភាពអេកូទេសចរណ៍ ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ អត្ថប្រយោជន៍រួមទាំងនេះមានតម្លៃប្រមាណ ៦,២% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០៥០៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds