កម្ពុជា ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជា»

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជាបានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជា»។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិប្រកបដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

ការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) នេះ គឺជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុ និងបង្ហាញនូវសេណារីយ៉ូគោលនយោបាយ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយប្រកបដោយអព្យាក្រឹតកាបូន និងមានភាពធន់ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។

លោក សាយ សំអាល់ បានលើកឡើងថា កម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ។ «ក្នុងឆ្នាំ២០២០ យើងជាប្រទេសមួយក្នុងចំណោមប្រទេស៧២ផ្សេងទៀត ដែលបានដាក់ជូនរបាយការណ៍បច្ចុប្បន្នភាព ការចូលរួម ចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (Updated NDC) ទាន់ពេលវេលា។ សម្ព័ន្ធភាពសុខភាព និងអាកាសធាតុសកលបានដាក់ចំណាត់ថ្នាក់ Updated NDC របស់កម្ពុជា ក្នុងចំណោមប្រទេសដែល មានចំណាត់ថ្នាក់ល្អបំផុតដទៃទៀត សម្រាប់ការផ្សារភ្ជាប់យ៉ាងច្រើន រវាងការប្រែប្រួលអាកាសធាតុ និងសុខភាពរួមបញ្ចូលទាំងព័ត៌មានលម្អិតស្តីពីការចំណាយផ្នែកហិរញ្ញវត្ថុ និងផលចំណេញត្រលប់មកវិញលើវិធានការបន្ស៉ាំ និងការកាត់បន្ថយជាមួយនឹងផលប៉ះពាល់លើសុខភាព»

កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្ត ដែលបានប្រកាស នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្ដីពី មហិច្ឆតាអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូនរបស់យើងមុនដំណាច់ឆ្នាំ២០២១។

លោកថា «យើងជាប្រទេសអភិវឌ្ឍន៍តិចតួចទី២ ក្នុងពិភពលោក និងជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលបានដាក់ចេញយុទ្ធសាស្រ្តនេះជាមួយនឹងគោលដៅឆ្នាំ២០៥០ សម្រាប់ការបញ្ចេញឧស្ម័នស្មើសូន្យ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds