សូមប្រុងប្រយ័ត្នអោយមែនទែន !កម្ដៅសម្លចោលភ្លេចបិទ រួចចេញទៅក្រៅ ត្រឡប់មកវិញឆេះផ្ទះអស់
ភ្នំពេញ ៖ លំនៅដ្ឋានមួយកន្លែង បានរងការឆាបឆេះ និងលំនៅដ្ឋានក្បែរខាង ឆេះរោលមួយចំហៀង នៅវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្លូវលូ៥ ក្រុម២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ២ រាជធានីភ្នំពេញ ។
ផ្ទះខាងលើ ជាប្រភេទផ្ទះ ដែកប្រក់សីង្កសី ទំហំ ៤ម៉ែត្រគុណនឹង៥ម៉ែត្រ មានម្ចាស់ឈ្មោះ លន់ ម៉េងជាង ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបរជាងជួសជុលម៉ូតូ រួចរាលដាល ដល់ផ្ទះជាប់នោះ មានម្ចាស់ឈ្មោះ ង៉ែត លាងហេង ឆេះខូចខាតសម្ភារៈមួយចំនួន ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលផ្ដើមឱ្យមាន គ្រោះអគ្គីភ័យនេះ គឺដោយសារកម្ដៅសម្លចោលភ្លេចបិទ ហើយករណីពុំបណ្ដាលឱ្យរងគ្រោះ ដល់មនុស្សនោះឡើយ ។
តាមសម្ដីម្ចាស់ផ្ទះនិយាយថា ផ្ទះនេះគាត់ជួលគេស្នាក់នៅប៉ុណ្ណោះ ហើយមុនពេលកើតហេតុ គាត់បានបិទទ្វារ ចាកចេញពីផ្ទះ យកគ្រឿងម៉ាស៊ីនម៉ូតូ ទៅជួសជុលនៅអូរឬស្សី ។ គាត់ក៏បាន បិទប្រព័ន្ធអគ្គីសនីផ្សេងៗ នៅក្នុងផ្ទះទៅដែរ ស្រាប់តែត្រឡប់មកវិញ ក៏ឃើញផ្ទះត្រូវឆេះតែម្តងទៅ ។
សមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យជាច្រើន ដើម្បីអន្តរាគមន៍បាញ់ពន្លត់និងទប់ស្កាត់ រលត់ជាស្ថាពរ នៅវេលា ម៉ោង២និង១០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ៕