អាមេរិក ស្នើឲ្យពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ត្រូវចាកចេញជាបន្ទាន់
វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសអាមេរិក កំពុងស្នើឲ្យពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ត្រូវចាកចេញជាបន្ទាន់ នឹងព្រមានប្រជាជនអាមេរិក កុំឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដោយសារតែការគំរាមកំហែងនៃសកម្មភាពយោធារុស្ស៊ីកាន់តែខ្លាំងឡើង។
សេចក្តីណែនាំរបស់ក្រសួងការបរទេសអាមេរិក បានអោយដឹងថា “មានរបាយការណ៍ជាបន្ត នៃការបង្កើនយោធារុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែន ដែលនេះបង្ហាញពីសក្តានុពលសម្រាប់សកម្មភាពយោធាដ៏សំខាន់ប្រឆាំងនឹងអ៊ុយក្រែន។
សន្តិសុខនៅតាមព្រំដែនអ៊ុយក្រែន នៅតំបន់គ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ី និងនៅភាគខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ី គឺមិនអាចទាយទុកជាមុនបានទេ និងអាចកើតឡើងដោយមានការជូនដំណឹងតិចតួចបំផុត”។
ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសអាមេរិកបានព្រមានថា រដ្ឋាភិបាលនឹងមិនអាចជម្លៀសប្រជាជនអាមេរិកបានទេ ប្រសិនបើរុស្ស៊ីវាយប្រហារ ហើយជំរុញឲ្យពលរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ រៀបចំផែនការបន្ទាន់ ដែលមិនពឹងផ្អែកលើជំនួយពីរដ្ឋាភិបាលអាមេរិក។
លោកប្រធានាធិបតី ចូ បៃដិន ថា “ពលរដ្ឋអាមេរិកគួរតែចាកចេញឥឡូវនេះ។ វាមិនដូចជាយើងកំពុងដោះស្រាយជាមួយអង្គការភេរវករទេ។ យើងកំពុងដោះស្រាយជាមួយកងទ័ពដ៏ធំបំផុតមួយនៅលើពិភពលោក”។
គួររម្លឹកឡើងវិញថា កាលពីខែមករា ក្រសួងការបរទេសអាមេរិក បានអនុញ្ញាតឲ្យបុគ្គលិកជួលដោយផ្ទាល់របស់សហរដ្ឋអាមេរិក ចាកចេញដោយស្ម័គ្រចិត្ត និងបានបញ្ជាឲ្យសមាជិកគ្រួសារដែលមានសិទ្ធិ ត្រូវចាកចេញពីស្ថានទូតនៅក្នុងទីក្រុង គៀវ៕