របាយការណ៍៖ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ថយចុះធៀបនឹងឆ្នាំ២០២០

ភ្នំពេញ៖ យោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា នៅឆ្នាំ២០២១កន្លងទៅគ្រោះថ្នាក់ចរាចរណ៍បានថយចុះធៀបនឹងឆ្នាំ២០២០ ទាំងចំនួនករណីគ្រោះថ្នាក់ ករណីស្លាប់ និងរបួស។

របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអោយដឹងថា ឆ្នាំ២០២០ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបជាង២លានគ្រឿង ក្នុងនោះម៉ូតូជាង៦០ភាគរយ, រកឃើញយានយន្តល្មើសនិងពិន័យជាង២២៣ពាន់គ្រឿង ក្នុងនោះម៉ូតូជាង៧០ភាគរយ និងពិន័យបានថវិកាសរុបជាង១៩ប៊ីលានរៀល។ ចំណែកគ្រោះថ្នាក់ចរាចរណ៍វិញ នៅឆ្នាំ២០២១ មានចំនួន២៦៧០ករណី ស្លាប់១៤៩៧នាក់ របួស៣៦១៥ ក្នុងនោះរបួសធ្ងន់មាន២២៤៦នាក់។

របាយការណ៍ឱ្យដឹងទៀតថាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១ ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។ មូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់សរុប រួមមានបើកបរលើសល្បឿនកំណត់៣៨ភាគរយ មិនគោរពសិទ្ធិ២៤ភាគរយ មិនប្រកាន់ស្ដាំ១៤ភាគរយ វ៉ាជែង៨ភាគរយ បត់៨ភាគរយ ស្រវឹង៤ភាគរយ យានយន្ត៣ភាគរយ និងងងុយ១ភាគរយ។ អត្រាគ្រោះថ្នាក់សរុបនេះ បើធៀបនឹងឆ្នាំ២០២០ គឺថយចុះ៥០៩លើក ស្លាប់ថយចុះ១៤៩នាក់ និងរបួសថយចុះ១០៧១នាក់។

សម្ដេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អះអាងថា ទោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកាលពីឆ្នាំ២០២១ដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់មែន តែ តួលេខគ្រោះថ្នាក់នៅរាជធានីខេត្តមួយចំនួននៅតែស្ថិតក្នុងអត្រាខ្ពស់ និងមានកំណើនគ្រោះថ្នាក់នាថ្ងៃបុណ្យឈប់សំរាក។

យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម នៅតែបន្តសម្ដែងក្ដីព្រួយបារម្ភអំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែបន្តកើតមានក្នុងចំនួនច្រើន និងបណ្ដាលឱ្យមានការបាត់បង់ជីវិត មានពិការភាព និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បតិ្តសាធារណៈជារៀងរាល់ថ្ងៃ ពិសេសការចាប់ផ្ដើមហក់ឡើវិញនៃអត្រាគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីមានការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គម។

សម្ដេច អំពាវនាវប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds