ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្លាយជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាផ្លូវការ
ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំធ្វើសមាជវិសាមញ្ញ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើជាប្រធានគណបក្សស្របតាមច្បាប់ ព្រមទាំងធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស និងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្សផងដែរ។
អង្គសមាជបានបោះឆ្នោតជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះរាជបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជាផ្លូវការ។ សមាជក៏បានសម្រេចជ្រើសតាំងអនុប្រធានបីរូប ក្នុងនោះមាន៖ លោក ឆឹង ចំរើន លោក ប៉ោ ប៊ុនស្រ៊ឺ លោក ពៅ អេងគ្រី។
ព្រឹត្តិការណ៍នេះត្រូវបានពណ៌នាថា ជាការត្រៀមរៀបចំខ្លួនរបស់គណបក្សមួយនេះក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២នេះ និង បោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខ។
សមាជិក-សមាជិកាទាំងអស់ នៃអង្គសមាជវិសាមញ្ញ របស់បក្សប្តេជ្ញាចិត្តរួមគ្នា ដង្ហែតាមព្រះតម្រិះ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក្រោមដំបូលគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។ អង្គសមាជ បានប្តេជ្ញាចិត្តថា មិនបែកបាក់គ្នា និងប្រកាន់នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង តាមព្រះរាជបណ្តាំជាប្រវត្តិសាស្រ្ត នៃអង្គសម្តេចឪ សម្តេចតា ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១ និងព្រះបំណងចុងក្រោយ របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ” ។
សូមរំលឹកថា បក្សរាជានិយមមួយនេះ ធ្លាប់ទទួលជោគជ័យ ក្នុងការបោះឆ្នោតនៅឆ្នាំ១៩៩៣ តែក្រោយមកបានបាត់បង់ការគាំទ្រ ជាបន្តបន្ទាប់ ដោយសារបែកបាក់ផ្ទៃក្នុង ជាច្រើនលើកច្រើនសារ។ ក្នុងពេលបោះឆ្នោត កាលពីឆ្នាំ២០១៣និង២០១៨ គណបក្សហ៊្វុនស៊ិនប៉ិច មិនទទួលបានសូម្បីតែ១អាសនៈ។ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចនេះ ធ្លាប់បានបែកបាក់គ្នា ជាច្រើនដងមកហើយ តែការបែកបាក់ មិនបានប៉ុន្មានផងក៏ត្រូវរ៉ូវគ្នាវិញ ។ ជាក់ស្តែងកាលពីឆ្នាំ២០០៦ក គណបក្សហ៊្វុនស៊ិនប៉ិច បានបែកបាក់ ដោយសារលោក ញឹក ប៊ុនឆៃ បានដឹកនាំធ្វើបក្សប្រហារ ទម្លាក់សម្ដេចក្រុមព្រះ ចេញពីព្រះប្រធាន ដោយចោទប្រកាន់ សម្ដេចក្រុមព្រះ បានប្រព្រឹត្តអំពើពុករលួយ និងលក់ទីស្នាក់ការកណ្ដាលបក្ស នៅក្បែរស្ពានជ្រោយចង្វារ ។ ក្រោយមកលោកញឹក ប៊ុន ឆៃបានចេញពីបក្ស ទៅបង្កើតគណបក្សរួបរួមជាតិ បន្តមក សម្តេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ ក៏ត្រូវរ៉ូវគ្នាវិញ ។
សម្រាប់ពាក់កណ្តាលឆ្នាំ២០១៨ ពោលមុនការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៥ គណបក្សរាជានិយមនេះ ក៏បែកបាក់ផ្ទៃក្នុងម្តងទៀត ដោយអតីតមន្រ្តីបក្សចោទប្រកាន់ថា មានបញ្ហា ពុករលួយ បក្ខពួកនិយម និងខ្វះការសាមគ្គីភាព។
សូមបញ្ជាក់ថា ការរៀបចំធ្វើសមាជគណបក្សហ្វ៊ុនស៉ិនប៉ិច ត្រូវបានធ្វើឡើងនៅព្រះដំណាក់វាលស្បូវ លេខA២៨៥ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកគណបក្ស និងសមាជិក សមាជិកា យ៉ាងច្រើនកុះករផងដែរ៕