និពន្ធនាយករងកាសែតមួយទាំងមូល បែរបែកគំនិតលួចម៉ូតូរបស់ជាងតទឹក-ភ្លើង
កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោនិងនគរបាលប៉ុស្តិ៍ក្រាំងពង្រ ដឹកនាំដោយលោកវរៈសរនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូចំនួន២នាក់ ក្នុងនោះមានម្នាក់គឺជានិពន្ធនាយករងកាសែតសម្លេងប្រជាជនថែមទៀតផង ។
ដោយអ្នកទាំង២បានធ្វើសកម្មភាពលួចម៉ូតូរបស់ជាងទឹក-ភ្លើង១គ្រឿង ប៉ុន្តែត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់នគរបាលជួយដេញចាប់បានទាំង២នាក់តែម្ដង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅមុខសួនឧស្សាហកម្មវឌ្ឍនៈ២ តាមផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នគរបាលបានប្រាប់ថា ជនសង្ស័យទាំង២នាក់ដែលត្រូវនគរបាលឃាត់ខ្លួន ក្នុងនោះ ម្នាក់ឈ្មោះ ចំរើន សុផល ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិគ្រួស ឃុំគ្រួស ស្រុកបាភ្នំ ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ រុន សុវណ្ណឌី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន តួនាទីជា«និពន្ធនាយករងកាសែតសម្លេងប្រជាជន» មានទីលំនៅក្នុងឃុំបុសម៉ន ស្រុករំដួល ខេត្តស្វាយរៀង។
ចំណែកម៉ូតូមួយគ្រឿងដែលលួចពុំបានសម្រេចនោះ ម៉ាកហុងដាBeat ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IJ-7340 ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ ភិន រ៉ាឌី អាយុ២៦ឆ្នាំ មុខរបរជាងតបណ្ដាញទឹក-ភ្លើង ស្នាក់នៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលដដែលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះដឹកនាំដោយលោកវរៈសរនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដោយនៅមុនពេលកើតហេតុ
បុរសដែលជាជាងតបណ្ដាញទឹក-ភ្លើងនោះ បានជិះម៉ូតូចេញពីផ្ទះទៅធ្វើការនៅការដ្ឋានសំណង់មុខសួនឧស្សាហកម្មវឌ្ឍនៈ២ ផ្លូវជាតិលេខ៣ លុះពេលទៅដល់ ជនរងគ្រោះបានចតម៉ូតូទុកនៅខាងក្នុងផ្ទះល្វែង នៅការដ្ឋានសំណង់ រួចឡើងទៅធ្វើការនៅជាន់ខាងលើ។
តាមប្រភពដដែលបានបញ្ជាក់បន្តទៀតថា ខណៈនោះស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើចូលទៅធ្វើសកម្មភាពលួចយកម៉ូតូ ប៉ុន្តែត្រូវបានម្ចាស់ឃើញទាន់ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើល ។
ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ និងនគរបាននៃអធិការដ្ឋានខណ្ឌដង្កោកំពុងល្បាតជិតនោះស្រាប់ជួយអន្តរាគមន៍ឃាត់ខ្លួនបានទាំង២នាក់ភ្លាមៗតែម្ដង។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានហើយ កម្លាំងនគរបាលដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាBeat ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IJ-7340 របស់ជនរងគ្រោះមកវិញ ព្រមទាំងសម្ភារៈផ្សេងទៀតរួមមានទួណ័រវីសវែង ដងលឿង១ដើម, ទូរស័ព្ទ២គ្រឿង,ប័ណ្ណសំគាល់ខ្លួនសារព័ត៌មាន២សន្លឹក, កាត់ចាក់វ៉ាក់សាំង១សន្លឹក រួចបញ្ជូនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕