វិស័យទេសចរណ៍ខេត្តព្រះសីហនុ នឹងមានការប្រែប្រួលមុខមាត់ថ្មី
ព្រះសីហនុ ៖ ខណៈអាជ្ញាធរ និងវិស័យឯកជនកំពុងរួមគ្នាជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ២០២១-២០២៥ តាមរយៈការដាក់ចេញនូវផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាបន្តបន្ទាប់ វិស័យទេសចរណ៍ខេត្តទិសនិតីមួយនេះនឹងមានការប្រែប្រួលមុខមាត់ថ្មី ។
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងចុងក្រោយស្តីពីផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មខេត្តព្រះសីហនុ ២០២១-២០២៥ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក សុខ សុគុណ អគ្គនាយករង និងជាប្រធានចាត់ចែងគម្រោងក្រសួងទេសចរណ៍ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាមន្ត្រីរាជការ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត ប្រធានសមាគមសណ្ឋាគារ និងភោជនីយដ្ឋាន។
លោក សុខ សុគុណ បាននិយាយថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ ៥ ឆ្នាំ (២០២១-២០២៥) ពិតជាមានសារៈសំខាន់ក្នុងការជួយជំរុញកំណើនភ្ញៀវទេសចរ កំណើនសេដ្ឋកិច្ចសង្គម ថែរក្សាធនធានធម្មជាតិ និងវប្បធម៌ឱ្យកាន់តែល្អប្រសើរ។ លោកបន្តថា ផែនការនេះក៏ត្រូវរំពឹងថានឹងប្រែក្លាយខេត្តព្រះសីហនុទៅជាគោលដៅទេសចរណ៍តំបន់ឆ្នេរដែលមានសុវត្ថិភាពមានភាពទាក់ទាញ និងប្រកួតប្រជែងកម្រិតអន្តរជាតិ។
លោកបានថ្លែងថា៖ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ទទួលបានជោគជ័យចាំបាច់ត្រូវមានការគាំទ្រ និងសហការអនុវត្តល្អពីគ្រប់ភាគី ហើយការប្រកួតប្រជែងទីផ្សារគឺផ្តោតទៅលើកញ្ចប់ទស្សនកិច្ច។ ម្យ៉ាងទៀតខេត្តព្រះសីហនុក៏មានព្រលានយន្តហោះអន្តរជាតិ ដែលយន្តហោះប្រភេទធំអាចចុះចតបាន និងមានឆ្នេរខ្សាច់ និងប្រជុំកោះ ដែលជាសក្តានុពលទេសចរណ៍ដ៏សម្បុរបែប»។
ទន្ទឹមនឹងសក្តានុពលទាំងអស់នេះ ខេត្តព្រះសីហនុក៏មានបញ្ហាប្រឈមផងដែរ ដូចជាតំបន់ទំនប់រលកដែលមានសំរាម និងថង់ប្លាស្ទិកជាច្រើនធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។ លោកបានបញ្ជាក់ថា៖ «យើងចង់ប្រែក្លាយតំបន់ទំនប់រលកទៅជាតំបន់ទេសចរណ៍ទាក់ទាញ ហើយសេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍នឹងក្លាយជាត្រីវិស័យក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញក្រោយពីវិបត្តិកូវីដ ១៩»។
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ គាំទ្រយ៉ាងខ្លាំងចំពោះផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុដែលផែនការនេះទាមទារឱ្យមានការចូលរួមពីគ្រប់មន្ទីរ អង្គភាព ភាគីពាក់ព័ន្ធ វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ និងអ្នកវិនិយោគ។ លោកបញ្ជាក់ថា៖ «រដ្ឋបាលខេត្តបេ្តជ្ញាចិត្តនឹងជួយជ្រោមជ្រែងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ»។
លោក ឌីម៉ង់ បន្ថែមថា រដ្ឋាភិបាលកំពុងរៀបចំប្លង់មេក្នុងការអភិវឌ្ឍខេត្តព្រះសីហនុនាពេលខាងមុខ។ រដ្ឋាភិបាលក៏បានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ដែលមានខេត្តជាប់សមុទ្រ ៤ មានដូចជា ខេត្តព្រះសីហនុ កោះកុង ខេត្តកែប និងខេត្តកំពត៕