អ្នកនាំពាក្យ ៖ ក្រុមបាតុករNaga ដែលពាក់ព័ន្ធត្រូវចូលរួមយកសំណាក

ត្បូងឃ្មុំ ៖ បន្ទាប់ពីមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចេញពីក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ក្រុមបាតុករទាំងអស់ ដែលមានការពាក់ព័ន្ធត្រូវចូលរួមយកសំណាកទាំងអស់គ្នា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ពេលចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន បានអោយដឹងថា ជំងឺកូវីដ១៩ ឆ្លងមិនរើសក្រុម ឬបក្ខពួកនោះទេ ពោលឆ្លងគ្រប់ប្រទាប់វណ្ណៈទាំងអស់ប្រសិនបើអ្នកទាំងអស់នោះ បានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ និងមិនបានអនុវត្តវិធានសុខាភិបាលបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកក្រុមបាតុករ ដែលធ្វើបាតុកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ ឲ្យពួកគាត់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចូលរួមយកសំណាកឲ្យបានទាន់ពេលវេលា ជៀសវាងជំងឺកូវីដ១៩ ឆ្លងរីករាលដាលចេញពីការដែលមិនស្ដាប់តាមការណែនាំ ដែលឈមនឹងការអនុវត្តតាមផ្លូវច្បាប់ជាធរមាន។

លោកស្រីបន្ថែមថា មិនមានអ្វីខុសឆ្គងនោះទេ ដោយគ្រាន់តែពួកគាត់ទៅចូលរួមយកសំណាកនោះ ព្រោះដើម្បីដឹងទាន់ពេលវេលា ក្នុងករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩ និងងាយស្រួលបញ្ជូនទៅសម្រាកព្យាបាល។ លោកស្រីអះអាងថា រាជរដ្ឋាភិបាល ព្យាបាលអ្នកកើតជំងឺកូវីដ១៩ ដោយឥតគិតថ្លៃនោះទេ។

ព្រមពេលជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់បុគ្គលមួយចំនួន មិនត្រូវយកបញ្ហាជំងឺកូវីដ១៩ ដើម្បីកេងចំណេញលើរឿងនយោបាយនោះឡើយ ពោលបញ្ហាជំងឺកូវីដ១៩ ជាការទទួលខុសត្រូវរួមគ្នារបស់បុគ្គលម្នាក់ៗ ចំពោះក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដូច្នេះមិនត្រូវឆ្លៀតឱកាសនេះញុះញង់ឲ្យមានការយល់ច្រឡំឡើយ។

សូមជម្រាបថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៨នាក់ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds