សម្ដេចតេជោ សម្រេចដកហូតតំណែង លោកផ្កាយ៣ អ៉ិន រស្មីឬទ្ធា មកត្រឹមជា….
ភ្នំពេញ ៖ លោកឧត្ដមសេនីយឯក អ៉ិន រស្មីឬទ្ធា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ទេរភារកិច្ច ពីអគ្គនាយករង នៃអគ្គនាយកដា្ឋន ពន្ធនាគារក្រសួងមហាផ្ទៃ មកជាទីប្រឹក្សាក្រសួងមហាផ្ទៃ ។
សូមជម្រាបថាថ្មីៗនេះ លោកឧត្ដមសេនីយឯក អ៉ិន រស្មីឬទ្ធា ត្រូវបានពលរដ្ឋម្នាក់ប្ដឹង ក្រោយយកប្រាក់ ចំនួនជាង៧ម៉ឺនដុល្លារ អះអាងយកបេក្ខជនចំនួន៧រូប បានជាប់ក្របខណ្ឌនគរបាលជាតិ ខណៈក្រសួងមហាផ្ទៃ បានប្រកាសជ្រើសរើស ក្របខណ្ឌនគរបាលជាតិសម្រាប់ឆ្នាំ២០២០ ។ ជាលទ្ធផល មិនបានជាប់ដូចការអះអាង ហើយមិនគោរពសន្យា សងប្រាក់ទាំងនោះវិញឡើយ រួចព្យាយាមគេចវេសរហូត ។ ប្រភពមួយផ្សេងទៀត បានបង្ហើបឱ្យដឹងថា មានមនុស្សមិនតិចនោះទេ ដែលបានផ្ដល់ប្រាក់ជាថ្នូ សន្យាចូលក្របខណ្ឌនគរបាលជាតិ ជាមួយផ្កាយ៣រូបនេះ ។
ជាមួយករណីបែបនេះ ការយកប្រាក់ ខ្ទង់ម៉ឺនដុល្លារក្នុងម្នាក់ៗ ខ្លះ១ម៉ឺនដុល្លារ ខ្លះ១ម៉ឺន៥ពាន់ដុល្លារ ខ្លះ២ម៉ឺនដុល្លារក៏មាន ដើម្បីជាប់ក្របខណ្ឌ តាមការសន្យារបស់បុគ្គលមួយចំនួននោះ បានជះឥទ្ធិពលដល់ កិត្តិយសក្រសួងសមី ដោយសារហាងឆេង រត់ការចូលក្របខណ្ឌ តាមកម្រិតតម្លៃនៃការអះអាង ។ ទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារក្នុងម្នាក់ៗនេះហើយ បានសាយភាយ ដល់ថ្នត់គំនិតបេក្ខជនដទៃដែលមានតែសមត្ថភាព ប៉ុន្តែគ្មានប្រាក់សូកប៉ាន់ ដូចបេក្ខជនដទៃ បង្កក្លាយជាការរិះគន់ធ្ងន់ៗ និងអស់ជំនឿចិត្ត ក្នុងការប្រឡង ។ ប៉ុន្តែធាតុពិត វាគឺជាការសន្យា របស់បុគ្គលខិលខូចប៉ុណ្ណោះ មិនមែនក្រសួងសមីតម្រូវនោះឡើយ ៕