ឡដុតសំណល់រឹងគ្រោះថ្នាក់នៅខេត្តកែប មួយថ្ងៃអាចដុតកម្ទេចសំណល់ ពី៤ ទៅ៧តោន
ខេត្តកែប៖ ឡឡដុតកម្ទេចសំណល់គ្រោះថ្នាក់ ពិតជាមានតួនាទីដ៏សំខាន់ ក្នុងការដុតកម្ទេចសំណល់ផ្សេងៗ ពិសេសសំណល់វេជ្ជសាស្ត្រ និងកាកសំណល់សំរាមដែលដឹកជញ្ជូនមកពីតំបន់ ភូមិសាស្ត្រខេត្តកែប។ ឡដុតសំណល់រឹងគ្រោះថ្នាក់នេះ ក្នុងមួយថ្ងៃមានសមត្ថភាពដុតកម្ទេចសំណល់ ក្នុងចន្លោះពី៤ ទៅ៧តោន ដោយអាចដុតក្នុងកម្រិតជិត១០០០អង្សា។
ប្រធានមន្ទីរបរិស្ថានខេត្តកែប លោក អ៊ឹម បញ្ញារិទ្ធិ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានឱ្យដឹងថា ឡដុតកម្ទេចសំណល់គ្រោះថ្នាក់ ចាប់តាំងពីសម្ពោធដាក់ឱ្យដំណើរការរហូតមកដល់ពេលនេះ ពិតជាមានសារសំខាន់ក្នុងការដុតកម្ទេចសំណល់គ្រោះថ្នាក់នានា ពិសេសសំណល់វេជ្ជសាស្ត្រតែម្តង។ ស្របពេលជងឺកូវីដ-១៩ នៅក្នុងខេត្តកែបមានការថយចុះ គឺគ្មានសំណល់គ្រោះថ្នាក់ណាដែលវេចខ្ចប់ចេញពីមណ្ឌលចត្តាឡីស័ក និងសំណល់ចេញពីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ទៀតនោះទេ ខណៈអ្នកជំងឺបានជាសះស្បើយអស់ទៅហើយ។
សូមបញ្ជាក់ថា ឡដុតកម្ទេចសំណល់គ្រោះថ្នាក់ ដែលវេចខ្ចប់ចេញពីកន្លែងផ្សេងៗ ក្នុងខេត្តកែប ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក នេត ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប៕