សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាមិនឲ្យមានពលរដ្ឋណាស្លាប់ ដោយសារជំងឺកូវីដ១៩ទៀតឡើយ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តខិតខំធ្វើយ៉ាងណាមិនឱ្យមានប្រជាពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ បន្ដទៀតនោះទេ។
ការបញ្ជាក់ជាថ្មីរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលបានបង្ហាញតាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៅល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
មូលហេតុដែលសម្ដេចតេជោ ហ៊ុន សែន ហ៊ានធ្វើការប្ដេជ្ញាចិត្តដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីការវាយប្រហារដោយជំងឺកូវីដ១៩នោះ ព្រោះសម្ដេចបានធានាថា កម្ពុជានឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ១៩ មិនទាន់ចប់នោះឡើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៃលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា ខិតខំបញ្ចៀសមិនឲ្យមានករណីប្រជាជនស្លាប់ជាបន្តទៀតដោយសារជំងឺកូវីដ-១៩ ដោយធានាថាព្រះរាជាណាចក្រកម្ពុជា នឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ»។
បន្ថែមពីការធានាអះអាង ព្រមជាមួយកម្ពុជា កំពុងដំណើរការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ដ្រីរាជការជួរមុខនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានៅពេលណា ដែលទទួលបាននូវបរិក្ខារប្រព័ន្ធត្រជាក់សម្រាប់រក្សាទុកវ៉ាក់សាំងបានត្រឹមត្រូវ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ ក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវខិតខំបន្តពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជាដូសទី៣ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ ត្រូវមកទទួលការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស នៅតាមទីតាំងដែលបានរៀបចំ ដើម្បីបង្កើនភាពសុំនៅក្នុងសហគមន៍ ដែលឆ្លើយតបនឹងការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី។
សូមរំលឹកថា ដោយសារការគិតគូរដ៏ត្រឹមត្រូវ និងលឿនជាងសភាពការណ៍ដែលកើតមានឡើយនោះ កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងដោយជោគជ័យលើការរីករាលដាលជំងឺកូវីដ១៩ បើទោះបីមានព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំក៏ដោយ។ ការគ្រប់គ្រងបាននេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់នូវយុទ្ធសាស្ដ្រស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ តាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ។
មកទល់ពេលនេះ ព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំនៅកម្ពុជា ត្រូវបានបិទបញ្ចប់ជាបន្ដបន្ទាប់ ហើយរាជរដ្ឋាភិបាលក៏សម្រេចបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ គ្រាន់តែឲ្យប្រជាពលរដ្ឋរស់នៅតាមបែបកន្លងថ្មី នៃសម័យកូវីដ១៩។ ជាពិសេសរាជរដ្ឋាភិបាល នៅតែបន្ដឲ្យប្រជាពលរដ្ឋអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល គឺវិធានការ ៣ការពារ និង៣កុំ បូកជាមួយវ៉ាក់សាំងទើបអាចយកឈ្នះលើជំងឺដ៏កាចសាហាវមួយនេះ៕