ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុបជាង ២,៣ ពាន់លានដុល្លារ
ភ្នំពេញ ៖ ក្នុងឆ្នាំ ២០២១ កន្លងមក ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុបជាង ២,៣ ពាន់លានដុល្លារ កើនជិត ១១ ភាគរយបើធៀបទៅនឹងឆ្នាំ ២០២០ ទោះបីវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ មិនបានធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុនធ្លាក់ចុះនោះឡើយ ។
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន Jetro បានចេញផ្សាយក្នុងសប្តាហ៍នេះឱ្យដឹងថា ចាប់ពីខែមករា-ខែធ្នូ ឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃសរុប ២ ៣៣៣,០៦ លានដុល្លារកើន ១០,៩៩ ភាគរយ បើធៀបឆ្នាំ ២០២០ ដែលមានតម្លៃ ២ ១០១,៩១ លានដុល្លារ។ ទំនិញកម្ពុជានាំចេញទៅជប៉ុនមានទឹកប្រាក់ ១ ៧៥២,៩៨ លានដុល្លារ កើនឡើង ៨,៣៩ ភាគរយពីចំនួន ១ ៦១៧,២១ លានដុល្លារកាលពីឆ្នាំ ២០២០ និងការនាំទំនិញពីជប៉ុនមកកម្ពុជាមានទឹកប្រាក់ ៥៨០,០៨៤ លានដុល្លារកើនឡើង ១៩,៦៧ ភាគរយពីចំនួន ៤៨៤,៧០ លានដុល្លារ។
ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ ២០២១ ការនាំចេញពីកម្ពុជាមានទឹកប្រាក់ ១២៨,២៩ លានដុល្លារ ធ្លាក់ ០,៦ ភាគរយធៀបនឹងខែធ្នូ ឆ្នាំ ២០២០ និងការនាំចូលមានចំនួន ៥៤,៤៣ លានដុល្លារ កើន ៤,៥ ភាគរយ។
ផលិតផលដែលកម្ពុជានាំទៅជប៉ុនមានដូចជា សម្លៀកបំពាក់ គ្រឿងផ្គុំអគ្គិសនី គ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម។ ចំណែកការនាំចូលពីជប៉ុន រួមមាន គ្រឿងម៉ាស៊ីន និងផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ៕