ច្បាស់ហើយ! មកស្គាល់ទីតាំងពិតប្រាកដនៃរូងភ្នំ ដែលល្បីតគ្នាថាជារូងស្តេចនាគ ផ្អើលបណ្ដាញសង្គម
ក្រោយពីមានការភ្ញាក់ផ្អើលនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយមានមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន ជាពិសេសអ្នកនិយមលេងបណ្ដាញសង្គម TikTok បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ដោយខ្លះគិតថារូងភ្នំមួយមាននាគស្រែកយ៉ាងខ្លាំង ខណៈមានបុរសខ្មែរម្នាក់ នៅក្នុងបណ្ដាញសង្គមនេះបានចេញវីដេអូទាមទារឱ្យដោះលែងនាគនោះ មកប្រទេសកម្ពុជាឡើងវិញ។
ជាមួយគ្នានេះដែរ តថភាពបែបនេះបានធ្វើឲ្យកើតចេញជារឿងវ៉ែកញ៉ែក និងជជែកគ្នាជាប្រធានបទដ៏ក្ដៅមួយផងដែរ ។ ដោយបច្ចុប្បន្ននេះមានការយល់ច្រលំច្រើនថាល្អាងនេះ មានទីតាំងស្ថិតនៅក្នុងប្រទេសវៀតណាម ឯខ្លះថានៅឡាវ ខ្លះថានៅចិន ដូចនេះហើយថ្ងៃនេះ Sabay សូមបកស្រាយជម្រាបជូនលោកអ្នកថា ល្អាងនេះមានឈ្មោះ Tong Tian Luo (ឈ្មោះភាសាចិនៈ 通天箩) មានទីតាំងស្ថិតនៅភាគខាងជើងនៃខេត្តហ្គ័ងទុងGuangdong ប្រទេសចិន។
Tong Tian Luo 通天箩 តាមពិតទៅជាល្អាងធម្មជាតិកើតឡើងពីការបាក់ស្រុតនៃសណ្ឋានដីដោយសារទឹកភ្លៀងហូរច្រោះ។ ល្អាងនេះមានទំហំមាត់ផ្នែកខាងលើប្រវែងប្រមាណជាង៧០ម៉ែត្រ ទំហំលំហខាងក្រោមប្រមាណ១០០ម៉ែត្រជាង និងមានជម្រៅជ្រៅខ្លាំងប្រមាណ៩០ម៉ែត្រ។ ល្អាងនេះក៏មិនមែនជាល្អាងអាថ៌កំបាំងអ្វីនោះទេ នៅទីនេះត្រូវបានគេស្គាល់ថា ជាឧទ្យានព្រៃឈើធម្មជាតិ Tongtianluo ដែលត្រូវបានគេបើកអោយភ្ញៀវទេសចរ អ្នកផ្សងព្រេងចូលមកទស្សនាសិក្សាស្រាវជ្រាវ បានដោយសារល្អាងនេះត្រូវបានប្រជាជនចិនជឿថា ជារូងដ៏អច្ឆរិយ មានបង្កប់អាថ៍កំបាំងពីធម្មជាតិជាច្រើន ។ នេះបើតាម website របស់ចិន www.sohu.com ។
Tongtianluo មានទីតាំងស្ថិតនៅតំបន់ខ្សែក្រវាត់ Karts គឺជាតំបន់ដីដែលបង្កើតឡើងដោយថ្មកំបោរ ហើយនៅពេលថ្មកំបោរត្រូវទឹកភ្លៀងហូរចូលវានឹងរលាយ។ នៅតាមខ្សែក្រវាត់ Karts គឺមានរណ្តៅឬល្អាងបែបនេះច្រើន)នៃស្រុកស្វយ័ត Ruyuan ភាគខាងជើងនៃខេត្តហ្គ័ងទុង ប្រទេសចិន។ រណ្តៅឬល្អាងបែបនេះ បើតាមវិទ្យាសាស្ត្រគេហៅវាថា ” Sinkhole “ ដែលជាទម្រង់នៃរណ្តៅដីដែលបានបាក់ស្រុតចុះទៅក្រោម អាចមានជម្រៅរាប់រយម៉ែត្រដោយសារតែផ្ទៃខាងក្រោមវាត្រូវបានទឹកហូរច្រោះឬថ្មកំបោររលាយដោយសារទឹកភ្លៀង ។
យ៉ាងណាមិញ បើតាមការសិក្សាឱ្យបានល្អិតល្អន់ គេសង្កេតឃើញថា វីដេអូនោះគឺគ្រាន់តែជាបច្ចេកទេសកាត់តតែប៉ុណ្ណោះ ខណៈរូងភ្នំដែលគេល្បីនោះ មានឈ្មោះថា Tong Tian Luo 通天箩 មានទីតាំងស្ថិតមានទីតាំងស្ថិតនៅភាគខាងជើងនៃខេត្តហ្គ័ងទុង Guangdongប្រទេសចិន ៕