ACU ចាប់បញ្ជូនមន្រ្តីរបស់ខ្លួនទៅតុលាការ ក្រោយប្រព្រឹត្តល្មើសច្បាប់ ប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង និងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ម្នាក់កាលពីថ្មីៗនេះ ត្រូវបានអង្គភាពរបស់ខ្លួនចាប់បញ្ជូនទៅតុលាការ ដោយសាតែមន្រ្តីរូបនេះ បានប្រព្រឹត្តល្មើសច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ។

ACU មន្រ្តីអង្គភាព ACU ម្នាក់ឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាបានប្រើប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវទទួលពិនិត្យពាក្យបណ្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្តី ក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យប្តឹង ដែលខ្លួនមិនទទួលបន្ទុកទៀតផង។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងនេះ ត្រូវបានលោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នរួចហើយ ពីបទវិតិក្រម តាមមាត្រា ៥៩២ និងមាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធទៅនឹងអំពើពុករលួយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មានមួយរបស់អ្នកនាំពាក្យស្តីពីការបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង នឹងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយទៅតុលាការ ក្រោយក្រុមស៊ើបអង្កេតផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មាន ភស្តុតាងជាបន្តបន្ទាប់ ព្រមទាំងស្តាប់ចម្លើយរបស់ឈ្មោះ ទូច ទិត្យវឌ្ឍនា រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា ជនរូបនេះបានជាប់សង្ស័យ បានប្រព្រឹត្តល្មើសដែលប្បញ្ញាតក្នុងមាត្រា ៥៩២ (បទវិតិក្រម) នៃក្រមព្រហ្មទណ្ឌ នឹងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

អង្គភាពប្រឆាំងអំពើពុករលួយ បានលើកទឹកចិត្តដល់សាធារណជន ចូលរួមផ្តល់ព័ត៌មានជាបន្ទាន់ ក្នុងករណីដែលមានជនខិលខូចណាម្នាក់អះអាងថា ខ្លួនអាចប្រប្រាស់តួនាទីរបស់ខ្លួនជាមន្ត្រី ACU ដើម្បីជួយសម្រួលដល់កិច្ចការល្មើសច្បាប់ណាមួយ ហើយអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានសម្រេចបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds