មនុស្សរាប់សិបនាក់ ត្រូវកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានធ្វើការចាប់ខ្លួន
រង់ហ្គួន ៖ យ៉ាងហោចណាស់មនុស្សរាប់សិបនាក់ ត្រូវកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានធ្វើការចាប់ខ្លួន ថ្ងៃអង្គារទី០១កុម្ភៈនេះ ចំខួបមួយឆ្នាំគត់នៃការដណ្តើមអំណាចរបស់យោធាពីរដ្ឋាភិបាលស៊ីវិល។ នេះបើយោងតាមសារព័ត៌មានមីម៉ាន់ម៉ាMyanma Alinn Daily ចេញផ្សាយនៅថ្ងៃទី១ កុម្ភៈ នេះ។
សារព័ត៌មានដែលគាំទ្ររដ្ឋាភិបាលបាននិយាយថា សមាសភាពប្រឆាំងការគ្រប់គ្រងយោធានៅក្នុងប្រទេសបានអំពាវនាវអោយធ្វើ«កូដកម្មស្ងៀមស្ងាត់»មួយក្នុងបំណងធ្វើអោយបណ្តាដងវិថីនៅតាមទីក្រុងទីប្រជុំជនរបស់មីយ៉ាន់ម៉ាស្ងាត់គ្មានចរាចរណ៍ ដោយសុំអោយប្រជាជននៅផ្ទះរីឯស្ថានប័នក្រុមហ៊ុនបិទការរកស៊ីរបស់គេនៅចាប់ពីម៉ោង១០ព្រឹកដល់៤ល្ងាច។បន្ទាប់មកពួកអ្នករៀបចំចង់អោយអ្នកគាំទ្របង្កសម្លេងរំខាន ដោយគោះឆ្នាំងគោះប៉ោត ឬចុចស៊ីផ្លែផ្លុំត្រែផ្លុំកញ្ចែ។
សូមរំលឹកថា យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលរបស់លោកស្រីអ៊ុងសាន ស៊ូជី កាលពីថ្ងៃ០១ កុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីគណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យរបស់លោកស្រីឈ្នះឆ្នោតដើម្បីបន្តការដឹកនាំរដ្ឋាភិបាលអាណត្តិទី២រយៈពេល៥ឆ្នាំទៀត តែក្រុមយោធាដែលចាញ់ឆ្នោតផ្កាប់មុខអះអាងថាការបោះឆ្នោតសកលកាលពីខែវិច្ឆិកាឆ្នាំ២០២០នោះ មានការលួចបន្លំទូទៅ។
ការចាប់ខ្លួនត្រូវបានធ្វើឡើងនៅទីក្រុងយ៉ាងហ្គោន,ក្រុងម៉ាន់ដាឡេ និង មីយ៉ាវ៉ាតឌី ហើយសមាភាពរួមមានអ្នកលក់ដូរ ម្ចាស់ភោជនីយដ្ឋាន វេជ្ជបណ្ឌិតម្នាក់ អ្នកmake-upម្នាក់ ជាងជួសជុលទូរស័ព្ទម្នាក់ និងគ្រូទាយម្នាក់។ ការចាប់ខ្លួនពួកគេកើតឡើងក្រោយពីមានការព្រមានផ្លូវការថា អ្នកចូលរួមក្នុងកូដកម្មអាចត្រូវចាប់ខ្លួននិងនាំឡើងតុលាការ៕