សម្ដេចតេជោ ហ៊ុន សែន បង្ហាញកត្តា៤យ៉ាង ដែលបង្កលក្ខណៈឲ្យពលរដ្ឋអាចធ្វើដំណើរកម្សាន្តដោយសេរីនៅទូទាំងប្រទេស …
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ បានបង្ហាញពីកត្តា៤យ៉ាង ដែលបង្កលក្ខណៈសម្រាប់ប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្ដបានដោយសេរី នៅទូទាំងប្រទេស។
កត្តា៤យ៉ាងដែលលើកឡើងដោយសម្ដេចតេជោ ហ៊ុន សែន រួមមាន៖
*ទី១៖ សន្តិភាព បើគ្មានសន្តិភាពប្រជាពលរដ្ឋគ្មានឱកាសដើរលេងកម្សាន្តនោះឡើយ
*ទី២៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ពាន ដែលបានតភ្ជាប់ជាបន្តបន្ទាប់ បើមិនមានការតភ្ជាប់ផ្លូវ និងស្ពានទេ មិនអាចឱ្យពលរដ្ឋធ្វើកម្សាន្តពីតំបន់មួយ ទៅតំបន់មួយទៀតបានឡើយ
*ទី៣៖ ធម្យោបាយដឹកជញ្ជូនកើនឡើង, សម្តេចតេជោ បានកត់សម្គាល់ថា ការដឹកជញ្ជូនទាំងផ្ទាល់ខ្លួន និងឯកជន បានកើនឡើងច្រើន
*ទី៤៖ ប្រជាពលរដ្ឋមានប្រាក់កាក់គ្រប់គ្រាន់។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កត្តា៤យ៉ាងនេះជារឿងសំខាន់ដែលផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ អាចកម្សាន្ដសប្បាយនៅពេលមានពិធីបុណ្យនីមួយៗ ដោយគ្មានការភ័យខ្លាចនោះឡើយ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី គិតចាប់តាំងពីពិធីបុណ្យភ្ជុំបិណ្ឌ រហូតមកដល់បុណ្យឆ្លងឆ្នាំសកល កន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរក្នុងស្រុកមានរហូតដល់ជាង៣លាននាក់។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា គ្រាន់តែក្នុងថ្ងៃសៅរ៍ ថ្ងៃអាទិត្យចុងសប្ដាហ៍ ក៏មានទេសចរណ៍ក្នុងស្រុកប្រមាណជាង២០ម៉ឺននាក់ ដែលពង្រាយនៅទូទាំងប្រទេស។
សូមរំលឹកថា បន្ទាប់ពីគ្រប់គ្រងបាននៃការរីករាលដាលជំងឺកូវីដ១៩ ហើយបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ក្រោយជោគជ័យលើយុទ្ធសាស្ដ្រនៃការស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋតាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ៕