កម្ពុជា ស្នើឱ្យជប៉ុនជួយផ្សព្វផ្សាយ និងគៀងគរក្រុមហ៊ុនវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀត
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក មិកកាមិ ម៉ាសាហ៊ីរ៉ូ អគ្គរាជទូតជប៉ុននៅកម្ពុជា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ស្នើឱ្យជប៉ុនជួយផ្សព្វផ្សាយ និងគៀងគរក្រុមហ៊ុនវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀត លើគម្រោងអភិវឌ្ឍន៍រោងចក្រអគិ្គសនី និងគម្រោងខ្សែបណ្តាញបញ្ជូនអគិ្គសនី ក៏ដូចជា បន្តផ្តល់ជំនួយបច្ចេកទេស និងគម្រោងបណ្តុះបណ្តាលបន្ថែមទៀតជូនក្រសួងរបស់ខ្លួន។
លោកស៊ុត សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ពីជំហនៃបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញនិ ងប្រភពថាមពលផ្សេងទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន និងការមិនរៀបចំគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ក្រៅពីគម្រោងដែលបានសម្រេចរួចហើយតាំងពីឆ្នាំ២០១៩។
លោកថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ JICA ក្រោមគម្រោងឥណទាន និងជំនួយបច្ចេកទេស ក្នុងនោះរួមមាន គម្រោងអភិវឌ្ឍន៍បណ្តាញអគិ្គសនី គម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនី គម្រោងធ្វើឱ្យប្រសើរឡើងនូវដំណើរការ និងការគ្រប់គ្រងប្រព័ន្ធបញ្ជូនអគ្គិសនីនៅកម្ពុជា គម្រោងប្រឹក្សាយោបល់ និងជំនួយឧបករណ៍បច្ចេកទេសជាដើម។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានលើកឡើងអំពីការវិនិយោគរបស់ក្រុមហ៊ុនថាមពលជប៉ុននៅកម្ពុជាផងដែរ គឺគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដើរដោយធ្យូងថ្មអានុភាព 135MW ខេត្តព្រះសីហនុ និងការផ្តត់ផ្គង់នាឡិកាស្ទង់អគ្គិសនី ក៏ដូចជាគម្រោងបណ្តុះបណ្តាលបច្ចេកទេសដែលជាជំនួយពីភាគីជប៉ុនផងដែរ។
លោកថា កម្ពុជា មានគោលដៅច្បាស់លាស់សម្រាប់អព្យាក្រឹត្យភាពកាបូន កម្ពុជាមានការចាំបាច់កែច្នៃគម្រោងមុនៗដែលប្រើឥន្ធនៈហ្វូស៊ីល ឱ្យមានលក្ខណៈស្អាត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជាការចាប់យកកាបូន ការប្រើប្រាស់ និងស្តុកទុកកាបូន ឬបច្ចេកវិទ្យាអ៊ីដ្រូសែនជាដើម នាពេលអនាគត។
ភាគីទាំងពីរ នឹងបន្តកិច្ចសន្ទនាបច្ចេកទេសសម្រាប់ភាពជាដៃគូសហប្រតិបត្តិការក្នុងវិស័យថាមពល អគិ្គសនីឱ្យបានទៀងទាត់បន្ថែម ដើម្បីចែករំលែកបច្ចុប្បន្នភាពព័ត៌មានផ្សេងៗ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នាសម្រាប់គម្រោងអន្តរកាលថាមពលក្នុងតំបន់៕