លោកនេត្រ ភក្ត្រា ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយស្របតាមចក្ខុវិស័យរបស់ក្រសួងក្នុងការកសាងរដ្ឋបាលទំនើប ដើម្បីធានាបាននូវកិច្ចគាំពារបរិស្ថាន
កំពង់ស្ពឺ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអះអាងថា កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាស្របតាមចក្ខុវិស័យរបស់ក្រសួងបរិស្ថានក្នុងការកសាងរដ្ឋបាលទំនើប ដើម្បីធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ថ្លែងក្នុងពិធី«សិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារលើវិស័យបរិស្ថានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ» រៀបចំដោយក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅរដ្ឋបាល សាលាខេត្តកំពង់ស្ពឺ លោក នេត្រភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថានបានធ្វើការកែទម្រង់រចនាសម្ព័ន្ធដឹកនាំនិងគ្រប់ គ្រងរបស់ក្រសួងក៏ដូចជាបណ្តាអង្គភាពក្រោមឱវាទជាបន្តបន្ទាប់ ព្រមទាំងបានខិតខំកសាងគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ក៏ដូចជាពង្រឹងសមត្ថភាពមន្ត្រីតាមគ្រប់មធ្យោបាយនិងគ្រប់លទ្ធភាព ដើម្បីចូលរួម ចំណែកគាំទ្រដល់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ និងកំណើនសេដ្ឋកិច្ចជាតិ ឱ្យឆ្លើយតបទៅនឹងការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចសង្គមកម្ពុជា ក៏ដូចជា បរិការណ៍តំបន់ និងអន្តរជាតិផងដែរ។
លោកបន្ថែមថា រហូតមកដល់ពេលនេះ ក្រសួងបរិស្ថានបានផ្ទេរមុខងារដែលត្រូវប្រគល់មានចំនួន ០៥ និងមុខងាររងចំនួន ០៦ និងសកម្មភាពចំនួន ២៦សម្រាប់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្ត ដែលក្នុងនោះពាក់ព័ន្ធនឹងវិស័យបរិស្ថានរួមមាន៖ ១. ការងារគាំពារបរិស្ថានដែលរួមមានការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់, ២. ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ, ៣. ការគ្រប់គ្រងសហគមន៍ តំបន់ការពារធម្មជាតិ, ៤. ការពង្រឹងការងារអប់រំបរិស្ថាន, ៥. ការអភិវឌ្ឍដោយចីរភាព។
លោកបន្តថា ក្រសួងបរិស្ថានក៏បានធ្វើការផ្ទេរធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងមធ្យោបាយសំភារៈមួយចំនួនជូនក្រុង ស្រុក ខណ្ឌគោលដៅផងដែរ ជាអាទិ៍៖ បានបញ្ជូនមន្ដ្រីពីក្រសួងបរិស្ថានចំនួន ១៩៤នាក់ ក្នុងនោះមន្ត្រីក្របខ័ណ្ឌចំនួន ១៨៦នាក់ និង មន្ត្រី ជាប់កិច្ចសន្យាចំនួន៨នាក់ និងធនធានហិរញ្ញវត្ថុសរុបចំនួន ៣.១១០លាន រៀល ក្នុង នោះថវិកាសម្រាប់បន្ទុកបុគ្គលិកចំនួន ៣.០២០លានរៀល និងប្រតិបត្តិការ ផ្នែករដ្ឋបាលចំនួន ៩០លាន រៀល ថែមទៀតផង។
លោក រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងដោយបញ្ជាក់ថា ដើម្បីគាំទ្រដល់ការអនុវត្តមុខងារទាំងនេះ លិខិតបទដ្ឋាន និងគោលការណ៍ ណែនាំបច្ចេកទេសមួយចំនួនទៀត ក៏ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់។ ក្រសួងបរិស្ថានបានកំណត់ យកគោល ដៅអាទិភាពរបស់ខ្លួននូវការបន្ត លើកកម្ពស់សមត្ថភាពមន្ត្រី និងស្ថាប័ន ថ្នាក់ក្រោមជាតិ ក៏ដូចជា ការយល់ដឹងជាសាធារណៈ តាមរយៈកម្មវិធីអប់រំបរិស្ថាន និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ បច្ចេកទេសជាប្រចាំ ដូចជាសិក្ខាសាលាថ្នាក់តំបន់ ដែលយើងកំពុងប្រារព្ធធ្វើនាពេលនេះជាសក្ខីភាពស្រាប់។
លោកថា ក្រសួងបរិស្ថានបាននិងបន្តលើកទឹកចិត្ត និងជួយគាំទ្រធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយកន្លងមក ក្រសួងបានផ្តួចផ្តើមជំរុញឱ្យ មានកញ្ចប់ថវិកាអនាម័យបរិស្ថានចំនួន ៨.០០០លានរៀលក្នុងមួយឆ្នាំ ពីថវិកា ជាតិសម្រាប់រដ្ឋបាល ក្រុង គោលដៅចំនួន២៧ ដើម្បីអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់ រឹង រាវទីប្រជុំជន៕