​អ្នកវិនិយោគិន​ជប៉ុនជប៉ុន ស្នើ​គយ​ជួយ​ដោះស្រាយ​បញ្ហា​មួយចំនួន​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ថ្មី ស្ទឹង​បត់​បាន​ណុង​អៀន

ភ្នំពេញ៖ ថ្លែងនៅក្នុង​កិច្ចសន្ទនា​លើក​ទី​ ៥ ស្តីពី​ការពិនិត្យ​ដោះស្រាយ​នូវ​បញ្ហា និង​សំណូមពរ​មួយចំនួន​រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(​អគរ​) និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន​ (JBAC)​ តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី ​២៤ មករា សមាគម​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន បានស្នើ​ឱ្យ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ជួយ​ដោះស្រាយ​បញ្ហា​មួយចំនួន​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ថ្មី ស្ទឹង​បត់​បាន​ណុង​អៀន បន្ទាប់ពី​ច្រក​ថ្មី​នេះ​បានដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​។

ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ជប៉ុន​ (JBAC) លោក KANDA Yogo បាន​លើកឡើងថា ក្រោយពី​ច្រកទ្វារព្រំដែន​អន្តរជាតិ​ថ្មី ស្ទឹង​បត់​បាន​ណុងអៀន​បាន​ដាក់ឱ្យ​ដំណើរការ​ជា​ណ្តោះ​អាសន្ន​មក​សមាគម​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ការរៀបចំ​ការិយាល័យ​ធ្វើការ​បណ្តោះអាសន្ន និង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់ Single Stop Inspection, ការងារ​ពង្រីក​មុខងារ​ប្រព័ន្ធ​អាស៊ី​គូដា កាត់បន្ថយ​ឯកសារ​ភ្ជាប់​ក្នុង​ទម្រង់​ក្រដាស​, ការ​វាយ​បញ្ចូល​ទិន្នន័យ​ស្ទួន​គ្នា​ ២​ ដង ក្នុង​ប្រតិវេទន៍​តម្លៃ​គិត​ពន្ធគយ​ក្នុង​ប្រព័ន្ធ CVDS និង​ប្រតិវេទន៍ SAD នាពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​នា​មាត់ច្រក​ព្រំដែន​។

លោក​បន្ថែមថា​៖ «​នៅមាន​បញ្ហា​មួយចំនួនទៀត ដែល​សមាគម​ស្នើឱ្យ​អគ្គនាយកដ្ឋាន​គយ​ជួយ​ដោះស្រាយ​ផងដែរ មានដូចជា ការអនុវត្ត​នីតិវិធី Pre-arrival processing ក្រោម​គម្រោង​ជំនួយ​របស់ ARISE Plus, ការកែសម្រួល​អំពី​រយៈពេល​នៃ​ការ​រក្សាទុក​ឯកសារ ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​មន្ត្រី​ទំនាក់ទំនង​របស់​អគ្គ​នាយកដ្ឋាន​គយ​»​។

ជាការឆ្លើយតប លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​បញ្ជាក់ថា អគរ នឹង​ពិនិត្យ​ដោះស្រាយ​នូវ​បញ្ហា និង​សំណូមពរ​មួយចំនួន​របស់​វិស័យ​ឯកជន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នីតិវិធី​គយ និង​ការបំពេញ​បែបបទ​គយ​ដែល​សមាគម​បានស្នើ​។ ក្រៅពី​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះហើយ អគរ ក៏​ទទួលយក​សំណើ​របស់ JBAC ក្នុងការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ (Briefing Session) អំពី​វឌ្ឍនភាព​នៃ​បទប្បញ្ញត្តិ​ជា​ធរមាន ជាពិសេស​ការពង្រីក​មុខ​ងារ​ប្រព័ន្ធ​អាស៊ី​គូ​ដា​ជំនាន់​ចុងក្រោយ និង​ការងារ​ពាក់ព័ន្ធ​ផ្សេងទៀត​ជូន​សមាជិក JBAC ​ដោយ​អគរ នឹង​ធ្វើការ​បន្ត​ជាមួយ JBAC ដើម្បី​កំណត់​យក​ប្រធានបទ និង ពេលវេលា ដើម្បី​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​នាពេល​ឆាប់ៗ​នេះ​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គ្រោង​នឹង​បំពាក់​គ្រឿង​ម៉ាស៊ីន​ត្រួតពិនិត្យ​កាំរស្មើ​អ៊ិច​លើ​ទំនិញ​ដែល​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ថ្មី ស្ទឹងបត់​បានណុងអៀន ទិសដៅ​ដើម្បី​ធ្វើ​ទំនើបកម្ម និង​ពន្លឿន​នីតិវិធី​ត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់​ព្រំដែន ដើម្បី​កុំឱ្យ​ការងារ​ត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់​ព្រំដែន​មាន​ភាពយឺតយ៉ាវ និង​បង្ក​ភាពស្មុគស្មាញ​បន្ថែមទៀត​ដល់​ការដឹកជញ្ជូន​។

កាលពីដើមឆ្នាំ​ ២០២០ កម្ពុជា និង​ថៃ​បាន​ព្រមព្រៀងគ្នា​ថា​នឹង​បើក​ច្រក​ទ្វារ​ព្រំដែន​ស្ទឹង​បត់​ភ្ជាប់​ខេត្ត​បន្ទាយមានជ័យ​នៃ​ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ​នៃ​ប្រទេស​ថៃ ជា​បណ្តោះអាសន្ន សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ក្នុងពេល​ឆាប់ៗ​នេះ ដោយ​គម្រោង​សាងសង់​នេះ​ត្រូវ​ចំណាយ​ជាង ២៤ លាន​ដុល្លារ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​ ២០២៣៕ LA

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds