ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្តេជ្ញាការពារ និងថែរក្សាគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យបានគង់វង្ស

កំពត៖ យាងចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ថ្នាក់ខេត្ត ស្រុក ឃុំ នៅទីស្នាក់ការគណបក្សខេត្តកំពតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ប្តេជ្ញាការពារ និងថែរក្សាគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យបានគង់វង្ស។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្នុងនាមជាអ្នកបន្តវេន និងជាមេដឹកនាំនៃគណបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាថា នឹងការពារថែរក្សាគណបក្សឱ្យគង់វង្ស ហើយព្រះអង្គមានជំនឿថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងទទួលបានកាគាំទ្រសារជាថ្មី ក្នុងការបោះឆ្នោតនាពេលខាងមុខ។ ព្រះអង្គបានប្រកាសស្វាគមន៍ និងបើកទ្វាចំហរ ចំពោះអ្នករាជានិយម អ្នកជាតិនិយម មករួបរួម សាមគ្គីគ្នាជាមួយមហាគ្រួសារ ក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច។

ការប្តេជ្ញា​របស់​ព្រះអង្គ ​ធ្វើឡើង បន្ទាប់ពីមានជម្លោះផ្ទៃក្នុងកាន់តែខ្លាំងឡើងៗ ហើយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចមួយក្រុមដែលមានលោក សាយ ហាក់ លោក ហេង ចន្ថា និង​លោក ផាន់ សិទ្ធី ជាដើម គ្រោង​នឹង​រៀបចំធ្វើ​សមាជ នាពេលខាង​នេះ ដើម្បី​យាង​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធាន​ទី​១គណបក្ស ធ្វើជា​ព្រះប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច​។​

កាលពីថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ សម្តេច​ក្រឡា​ហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើ​លិខិត​ទូលថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដោយស្នើឱ្យ​ព្រះអង្គម្ចាស់ ត្រូវធ្វើ​ការសម្របសម្រួល​ផ្ទៃក្នុងគណបក្ស ដើម្បី​រៀបចំសមាជ​ជ្រើសរើស ក្បាលម៉ាស៊ីន​ដឹកនាំគណបក្ស ឱ្យស្រប​តាមខ្លឹមសារប្រការ១៦ ប្រការ​១៧​ ថ្មី ប្រការ​១៩ ប្រការ​២០ ប្រការ​២៤ និង​ប្រការ​៣៥ នៃ​លក្ខន្តិកៈ​គណបក្ស តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ព្រមទាំង​បញ្ញត្តិ​មាត្រា១៨ ថ្មី នៃច្បាប់​ស្តីពី​គណបក្សនយោបាយផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds