រដ្ឋមន្ត្រីក្រសួងសាធារណការ ប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ
ភ្នំពេញ៖ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។ ការប្តេជ្ញារបស់លោកទេសរដ្ឋមន្ត្រីនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅ ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
លោកស៊ុន ចាន់ថុល បានអោយដឹងថា ការរៀបចំសេចក្តីព្រាងគោល នយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម Evs ចំនួនប្រាំទីតាំង។ ប្រាំទីតាំងនេះ រួមមាន ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងបណ្តារាជធានី-ខេត្តមួយចំនួន គម្រោងដំឡើងស្ថានីយថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ PTT និងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិស័យឯកជនផងដែរ។
ជាងនេះទៅទៀត លោកបានប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ។ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ «រាជរដ្ឋាភិបាល មានការបើកចំហរទូលំទូលាយដល់វិនិយោគិនទាំងក្នុងស្រុក ក៏ដូចជា ក្រៅស្រុកវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី»។
នៅក្នុងជំនួបនោះ គណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានសំណូមពរឱ្យក្រសួងជួយពិនិត្យ និងសម្របសម្រួលលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការដំឡើងឧបករណ៍ស្តង់ដាររួម (យថាប្រភេទតែមួយ) ដែលអាចឱ្យរថយន្តដើរដោយថាមពលអគ្គិសនីគ្រប់ប្រភេទទាំងអស់ដោតសាកថ្ម EVs នៅតាមស្ថានីយសាកថ្មណាមួយក៏បាន និងបានស្នើឱ្យមានគោលនយោបាយសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី៕