ក្រសួងសុខាភិបាល ក្រើនរំលឹកពីរការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងពុលចំណីអាហារ ឬ ពុលស្រា នាឱកាសសែនដូនតា និងចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រា ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងសេចក្តីណែនាំលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការចម្លងជំងឺកូវីដ-១៩ ជាពិសេសអូមីក្រុង ជំងឺផ្តាសាយបក្សី និងជំងឺផ្សេងៗរួមទាំងការបង្ការសុខភាពបណ្តាលមកពីការពុលចំណីអាហារ ឬពុលស្រា ស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជានារដូវបុណ្យទាន ពិធីសែនដូនតាផ្សេងៗ និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

នៅក្នងសេចក្តីណែនាំ បានអោយដឹងថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋយើងមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានការទិញទំនិញ និងចរាចរនូវបសុបក្សីច្រើន ដែលអាចមានហានិភ័យនៃការចម្លងនូវវីរុសផ្ដាសាយបក្សី ដែលមាន នៅលើសត្វ និងនៅក្នុងបរិស្ថាន មកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះ។

ម្យ៉ាង វិញទៀត ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬពុលស្រា ស ក៏តែងតែសង្កេតឃើញកើតមានឡើង នៅតាម តំបន់ ឬទីតាំងមួយចំនួននៅក្នុងប្រទេស ដែលយើងទាំងអស់គ្នាត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ដោយបុគ្គលម្នាក់ៗ ត្រូវខិតខំថែរក្សាការពារសុខភាពឱ្យបានល្អប្រសើរនៅគ្រប់កាលៈទេសៈ។

ក្រសួងសុខាភិបាល បានអំពាវនាវ និងធ្វើការក្រើន រំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការ ការពារសុខភាពពីការចម្លងជំងឺកូវីដ-១៩ ជាពិសេសអូមីក្រុង ជំងឺផ្តាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាព។

ក្រសួងក៏អំពាវនាវថា ដាច់ខាតមិនត្រូវទិញ ឬផលិត ឬបរិភោគស្រា ស ដែលមិនមានប្រភពផលិតច្បាស់លាស់ ហើយដែលមិន គោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រាស ដែលបង្កឱ្យមានការពុល រហូតដល់ស្លាប់បាត់បង់ជីវិត។

ក្រសួងសុខាភិបាល សូមលើកទឹកចិត្តឱ្យប្រជាជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារខ្លួននិងក្រុមគ្រួសារ និងសូមជូនពរឱ្យបុគ្គលគ្រប់រូបទាំងអស់គ្នាជួបនូវសុខភាពល្អ និងចៀសផុតនូវជំងឺកូវីដ-១៩ និងជំងឺ ដង្កាត់ផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds