ផាន់ គ្រាន់ និង សៀវ ង៉ុយ ប្តេជ្ញាចិត្តដើម្បីដណ្តើមឱ្យបានប្រាក់លាន ក្នុងកម្មវិធីំម៉ាសហ្វៃ
ភ្នំពេញ: អ្នកប្រដាល់ចាស់វស្សាចំនួនពីររូប ផាន់ គ្រាន់ និង សៀវ ង៉ុយ សុទ្ធតែបានបង្ហាញការប្តេជ្ញាចិត្ត ដណ្តើមឱ្យបានប្រាក់លាន ក្នុងការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លានក្នុងកម្មវិធីំម៉ាសហ្វៃ របស់ស្ថនីយទូរទ្សន៍ថោនដែលត្រូវតតាំង ជាមួយអ្នកប្រដាល់ សោម វិឆ័យ និង សំ អាន នាថ្ងៃអាទិត្យ។
កីឡាករ សៀវ ង៉ុយ ដែលជាម្ចាស់ខ្សែក្រវាត់ ៤ ស្ថាប័ន បាននិយាយថា៖ «ខ្ញុំបានផ្លាស់មកនៅក្លិបអភិរក្សរុងរឿង ជិត ១ ខែហើយ ហើយនេះជាការប្រកួតលើកទី២ របស់ខ្ញុំ។ ក្នុងចំណោមបេក្ខភាពដណ្តើមប្រាក់លានលើកនេះ ខ្ញុំធ្លាប់បានជួប សោម វិឆ័យ តែ ២ នាក់ទៀត មិនធ្លាប់ជួបទេ។ និយាយរួមអ្នកទាំង៣នេះ មានចំណុចល្អម្យ៉ាងៗម្នាក់ អ៊ីចឹងទោះជួបមួយណា ក៏តានតឹងដែរ ប៉ុន្តែខ្ញុំត្រៀមខ្លួនបានល្អ ហើយប្តេជ្ញាថា នឹងយកប្រាក់លាននេះឱ្យបាន»។ តែទោះបីជាយ៉ាងណា សៀវ ង៉ុយ ដែលទើបបានផ្លាស់ប្តូរមកនៅក្លិបអភិរក្សគុនខ្មែររុងរឿងរបស់លោកគ្រូ សួង បញ្ញា នោះ បានប្តេជ្ញាថា នឹងដណ្តើមប្រាក់លាននេះឱ្យបាន។
អ្នកប្រដាល់វាយមកដកថយ ផាន់ គ្រាន់ បានអោយដឹងថា «រយៈពេល ១ ខែ មកនេះ ខ្ញុំខំប្រឹងហាត់រហូត ដើម្បីមកប្រកួតទម្ងន់ ៦៣,៥ គីឡូក្រាម ហើយបេក្ខភាពដែលខ្ញុំត្រូវជួបលើកនេះ សុទ្ធតែវ័យក្មេង ដែលល្អស៊ុហ្វ និងកម្លាំង អ៊ីចឹងយើងត្រូវពង្រឹង កម្លាំង និងសុ៊ហ្វឱ្យបានច្រើន។ អ្នកទាំង ៣ នេះ ជួបមួយណាក៏តឹងដែរ ប៉ុន្តែការចូលលេង ប្រាក់លានលើកនេះ ខ្ញុំប្តេជ្ញាចិត្ត នឹងលើកស្លាកប្រាក់រង្វាន់ ៣,៤ លានរៀលឱ្យបាន»។
មុនការដាក់ឱ្យប្រកួតដណ្តើមប្រាក់លាន ទាំង ផាន់ គ្រាន់ និង សៀវ ង៉ុយ មិនសូវបានបង្ហាញវត្តមាន នៅលើសង្វៀនប៉ុន្មានទេ ហើយការ ឃើញបាត់ៗនេះ ត្រូវបានគេគិតថា អ្នកទាំង ២ នេះ អាចនឹងមានបញ្ហាផ្នែកកម្លាំង ហើយបច្ចេកទេសប្រកួតក៏អាចធ្លាក់ចុះ ដែលពិបាកទប់ទល់ជាមួយអ្នកជំនាន់ក្រោយ សំ អាន ជាពិសេស សោម វិឆ័យ ផងដែរ ខណៈអ្នកទស្សនាភាគច្រើន បានធ្វើការវាយតម្លៃតាមទស្សនៈផ្ទាល់ខ្លួនថា អ្នកឈ្នះប្រាក់លាន លើកនេះ អាចជា សោម វិឆ័យ ទៅវិញទេ៕