ជិតដល់ថ្ងៃចូលឆ្នាំចិន ទំនិញនៅលើទីផ្សារចាប់ផ្តើមឡើងថ្លៃជាបណ្តើរៗ

ភ្នំពេញ៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឈានជិតមកដល់ ទំនិញនៅលើទីផ្សារចាប់ផ្តើមឡើងថ្លៃជាបណ្តើរៗ ចន្លោះពី ៥០០រៀល ទៅ ៤០០០រៀល ទៅតាមមុខទំនិញ។

អាជីវករមួយរូប នៅផ្សារច្បាអំពៅ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទំនិញនៅលើទីផ្សារចាប់ផ្តើមឡើងថ្លៃជាបណ្តើរហើយ។ ប្រភេទភេសជ្ជៈឡើងថ្លៃចន្លោះពី ៣០០០រៀលទៅ ៤០០០រៀល ក្នុង១កេះ។ ចំណែកទំនិញផ្សេងទៀត ដូចជា នំកញ្ចប់ បន្លែ ផ្លែឈើ និងសាច់ជ្រូកជាដើម កើនតម្លៃពី ៥០០រៀលឡើងទៅ ទៅតាមមុខទំនិញ។ ការឡើងថ្លៃនេះ ទើបកើតឡើងនៅក្នុងសប្តាហ៍នេះប៉ុណ្ណោះ។

អាជីវកររូបនេះ បញ្ជាក់ថា អ្នកលក់បានតំឡើងថ្លៃទំនិញរបស់ខ្លួន ព្រោះដឹងថា ប្រជាពលរដ្ឋមានតម្រូវការត្រូវតែទិញ ជាពិសេសអីវ៉ាន់ដែលទាក់ទងនឹងបុណ្យចូលឆ្នាំចិន។ ទោះយ៉ាងណា អាជីវកររូបនេះ អះអាងថា ខ្លួនមិនតំឡើងថ្លៃទំនិញចាស់នោះទេ ពោលគឺលក់ឡើងថ្លៃតែទំនិញណា ដែលយកចូលថ្មីហើយឡើងថ្លៃប៉ុណ្ណោះ។

កន្លងមកការឡើងថ្លៃទំនិញនៅក្នុងឱកាសបុណ្យទានសំខាន់ៗ ជាពិសេសការឡើងថ្លៃលើសេវាដឹកជញ្ជូន ត្រូវបានរដ្ឋាភិបាលអះអាងថា ដោយសារកម្ពុជា ជាប្រទេសសេដ្ឋកិច្ចទីផ្សារសេរី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds