កម្ពុជា ព្រួយបារម្ភចំពោះការប៉ះទង្គិចប្រដាប់អាវុធនៅរដ្ឋ Kayah Stateប្រទេសមីយ៉ាន់ម៉ា
ភ្នំពេញ៖ កម្ពុជាសម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីនៃរដ្ឋការយ៉ាហ៍ (Kayah State)នៅប្រទេសមីយ៉ាន់ម៉ា រវាងយោធា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ ដែលអំពើហិង្សានេះ បានធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាព ដែលសម្រេចបាននាពេលថ្មីៗរបស់សម្តេចតេជោ ហ៊ុន សែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។
សេចក្តីថ្លែងការណ៍បានអោយដឹងថា “ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន បានចែករំលែកអំពីភាពជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ផ្អែកលើបទពិសោធន៍ និងមេរៀននានា ដែលទទួលបានពីដំណើរការសន្តិភាពរបស់កម្ពុជា សន្តិភាពទាំងស្រុង និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួម និងការឯកភាពពេញលេញពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
នៅក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែទទួលយកបទឈប់បាញ់ បញ្ចប់នូវរាល់សកម្មភាព ដែលហិង្សា អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាប់ផ្តើមកិច្ចសន្ទនា ដើម្បីបង្កើតនូវស្ថានភាពអំណោយផល សំដៅឈានទៅរកការកសាងឡើងវិញ នូវសន្តិភាពនៅក្នុងប្រទេស ដែលអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុចរបស់អាស៊ាន៕