ការដោះស្រាយក្រៅប្រព័ន្ធតុលាការនៅឃុំត្បូងក្រពើ ពេលពិបាកដោះស្រាយ ត្រូវឲ្យភាគីជំលោះ ស្បថ
កំពង់ធំ ៖ ការដោះស្រាយបញ្ហាទំនាស់ក្រៅប្រព័ន្ធតុលាការនៅឃុំត្បូងក្រពើ នៃស្រុកសន្ទុក ខេត្តកំពង់ធំ នៅពេលប្រជាពលរដ្ឋ បានដាក់ពាក្យបណ្ដឹងមកកាន់ឃុំ គឺគណៈកម្មការឲ្យគូភាគីទំនាស់ មានការស្រុះស្រួលគ្នា ពោលគឺមិនឲ្យមានអ្នកឈ្នះ ឬចាញ់ឡើយ តែចង់ឲ្យពួកគាត់ចេះទទួលស្គាល់កំហុស។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់ររដ្ឋបាលខេត្តកំពង់ធំ» នាព្រឹកថ្ងៃទី ២០ ខែមករានេះលោក គៀង សេងគី មេឃុំត្បូងក្រពើ នៃស្រុកសន្ទុក ខេត្តកំពង់ធំ មានប្រសាសន៍ថា ក្នុងឃុំរបស់លោក សម្រាប់ការដោះស្រាយ បញ្ហាទំនាស់ក្រៅប្រព័ន្ធតុលាការ នៅក្នុងឃុំត្បូងក្រពើនេះដែរ ក៏មានការលើកបង្ហាញអំពីបញ្ហាសាសនា និងថា នៅពេលមានទំនាស់ពិបាកដោះស្រាយ ក៏ត្រូវឲ្យភាគីជំលោះមានការស្បថ ផងដែរ។
លោកបន្ថែមថា «ការសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធតុលាការនេះ នៅក្នុងឃុំខ្ញុំបាទនេះ គឺប្រជាពលរដ្ឋ ដែលដាក់ពាក្យបណ្ដឹងមក គឺភាគច្រើនយើងត្រូវតែសម្របសម្រួល ឲ្យគាត់ឲ្យសាសជានឹងគ្នា ភាគច្រើនគឺយើងមិនឲ្យគាត់ ឈ្នះឬចាញ់ទេ គឺភាគច្រើនឲ្យគាត់ចេះទទួលស្គាល់កំហុស ហើយយើងយកបែបសាសនា យកមកនិយាយជាមួយគាត់ផង នៅពេលដែលយើងសម្របសម្រួលគាត់ បើមើលករណីណា ដែលតឹងតែងមានអុជធូបស្បថ មានធ្វើស្អីៗ ដើម្បីឲ្យពួកគាត់អស់ចិត្តរៀងខ្លួន»។
លោក គៀង សេងគី បន្តថា នៅក្នុងឃុំត្បូងក្រពើមានករណីជំលោះ ដែលបានដាក់បណ្ដឹងមកកាន់ឃុំចំនួនតែ ២១ ប៉ុណ្ណោះ ហើយត្រូវបានដោះស្រាយស្រុះស្រួលគ្នា បានយ៉ាងល្អ៕