អគ្គលេខាហ៊្វុនស៊ិនប៉ិច ស្នើសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី គាំទ្របេក្ខភាពព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានបក្ស

ភ្នំពេញ ៖ បន្ទាប់ពីហ៊្វុនស៊ិនប៉ិចមានភាពចម្រូងចម្រាស់ ក្នុងចំណោមថ្នាក់ដឹកនាំបក្ស មន្ត្រីជាន់ខ្ពស់គណបក្សនេះ សរសេរលិខិតមួយច្បាប់ ទូលថ្វាយសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដោយបានបង្គំសុំការគាំទ្រពីព្រះអង្គចំពោះបេក្ខភាពព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដោយថា ដើម្បីធ្វើតាមព្រះបំណងចុងក្រោយរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ។

អគ្គលេខាគណបក្សហ៊្វុនស៊ិនប៉ិច លោក អាំង សំបូរ បានអោយដឹងថា៖ «ទូលបង្គំយើងខ្ញុំទាំងអស់គ្នា មានជំនឿចិត្ត និងសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីសម្ដេចរាជបុត្រីទ្រង់បានជ្រាបនូវរបាយការណ៍ខាងលើនេះហើយ សម្ដេចរាជបុត្រី ប្រាកដជាគាំទ្រ និងជ្រោមជ្រែងម្ចាស់ក្មួយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យ៉ាងពិតប្រាកដពុំខាន»

លោកបញ្ជាក់ថា បច្ចុប្បន្ននេះ គណបក្សហ៊្វុនស៊ិនប៉ិចកំពុងស្ថិតនៅក្រោមការដឹកនាំគ្រប់គ្រងចាត់ចែង និងដំណើរការយ៉ាងសកម្ម ក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្ស ដែលទទួលបានការប្រទានសិទ្ធិពី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ស្របតាមខ្លឹមសារប្រការ២៤ នៃលក្ខន្តិកៈគណបក្សហ៊្វុនស៊ិនប៉ិច ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាអ្នកធ្លាប់តាមដង្ហែសម្តេចក្រុមព្រះ បានចេញសេចក្ដីប្រកាសថា សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ធ្វើជាព្រះប្រធានបក្ស។

រហូតមដល់ពេលនេះ គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ជាគណបក្សធំមួយ ដែលធ្លាប់ទទួលបានអសនៈក្នុងរដ្ឋសភា និងចូលរួមដឹកនាំរដ្ឋាភិបាល បានបែកបាក់ជាបន្តបន្ទាប់ និងមិនមានអសនៈនៅក្នុងរដ្ឋសភាទៀតឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds