ចូលរួមរំលែកទុក្ខ! DJ កណ្ដុរ បាត់បង់បងស្រីបង្កើតយ៉ាងរន្ធត់!
នៅមុននេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះមួយរបស់នាយឆ្អឹង ដែលបានបញ្ជាក់ថា តារាកំប្លែង និងចម្រៀងនាយកណ្ដុរ បានកំពុងតែជួបទុក្ខយ៉ាងក្រៀមក្រំបំផុត ខណៈបាត់បង់បងស្រីបង្កើតដ៏រន្ធត់ ។ ការណ៍នេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនតក់ស្លុត និងចូលរួមរំលែកទុក្ខចំពោះគ្រួសារនាយ កណ្ដុរ ផងដែរ ។
ដោយក្នុងនោះប្រភពពី នាយឆ្អឹង បានបញ្ជាក់ថា នាយកណ្ដុរ បានបាត់បង់មនុស្សជាទីស្រលាញ់ដែលត្រូវជាបងស្រីបង្កើត ដោយបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ នាយឆ្អឹង បាននិយាយថា៖ «ខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារ នាយកណ្តុរ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ដែលត្រូវជាបងស្រីបង្កើត ដែលបានបាត់បង់ជីវិតដោយគ្រោះចរាចរណ៍» ។
នាយឆ្អឹង បានអះអាងបន្ថែមទៀតថា ការបង់បាត់ជីវិតរបស់បងស្រីបង្កើតតារាប្រុសនាយកណ្ដុរ គឺបន្ទាប់ពីបានជួបគ្រោះថ្នាក់នៅភូមិព្រៃក្នេស ឃុំព្រៃក្នេស ខេត្តព្រៃវែង ។
ដោយឡែកតាមការបញ្ជាក់ពីនាយ កណ្ដុរ ដែលបានអះអាងប្រាប់ តារាញូស៍ នៅរសៀលថ្ងៃទី១៩ ខែមរា ឆ្នាំ២០២២ នេះបានឱ្យដឹងថា បងស្រីរបស់លោកត្រូវបានគេបុកពីក្រោយ និងបណ្ដាលឱ្យប៉ះពាល់ដល់តម្រងនោម និងក្បាលធ្ងន់ធ្ងរ រហូតបាត់បង់ជីវិតនៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី១៩នេះ។
កាលពីពេលថ្មីៗនេះ គឺនៅក្រោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំពោះបងស្រី នាយ កណ្ដុរ បានសរសេររៀបរាប់ទំនុកយ៉ាងកម្សត់អាណិតបងស្រី ដែលជូបគ្រោះថ្នាក់ចរាចរណ៍ ព្រោះក្រៅពីម្ដាយរូបគេមានបងស្រីតែម្នាក់ប៉ុណ្ណោះដោយព្យាយាមបែរបន់សុំឲ្យវត្ថុសក្ដិសិទ្ធក្នុងលោកជួយតាមថែរក្សាក្រៅពីការខិតខំជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យ។ទោះបីជាយ៉ាងណាដោយសារតែស្ថានគ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរខ្លាំងពេកក្រុមគ្រូពេទ្យមិនអាចរក្សាអាយុជីវិតបងស្រីរបស់តារាកំប្លែងនាយ កណ្ដុរ បានឡើយ៕