Facebook លេងធម៌ក្តៅ ចេញមុខប្តឹងក្រុមហ៊ុន ៤ លក់ Like ក្លែងក្លាយនៅចិន
Facebook និង Instagram បានប្តឹងក្រុមហ៊ុនចំនួន ៤ និងបុគ្គល ៣ រូបនៅប្រទេសចិនជុំវិញការបង្កើតនិងផ្សព្វផ្សាយការលក់គណនី, Like និង Follower ក្លែងក្លាយលើបណ្តាញសង្គមរបស់ខ្លួន។
តាមរយៈពាក្យបណ្តឹងជាមួយតុលាការសហរដ្ឋអាមេរិក Facebook បានចោទប្រកាន់ក្រុមហ៊ុននិងបុគ្គលខាងលើពីបទរំលោភបំពានច្បាប់កម្មសិទ្ធិបញ្ញាដោយប្រើប្រាស់ស្លាកយីហោនិងម៉ាករបស់ Facebook/Instagram។ នាយកជាន់ខ្ពស់លោក Paul Grewal មានប្រសាសន៍ថា៖ “តាមរយៈការដាក់ពាក្យបណ្តឹង យើងសង្ឃឹមថានឹងមានការពង្រឹងលើសកម្មភាពក្លែងបន្លំបែបនេះ ជាមួយកិច្ចការពារនូវវេទិកា (Platform) របស់យើង”។
Facebook ពុំបង្ហើបអត្តសញ្ញាណនៃក្រុមហ៊ុននិងបុគ្គលដែលខ្លួនប្ដឹងផ្ដល់ឡើយ ប៉ុន្តែត្រឹមដឹងថាពួកគេកន្លងមកក៏ធ្លាប់ផ្សព្វផ្សាយការប្រើប្រាស់គណនីក្លែងក្លាយលើ Amazon, Apple, Google, LinkedIn និង Twitter ផងដែរ។
រំឭកថាគ្រប់បណ្តាញសង្គមចាប់ផ្តើមរងសម្ពាធយ៉ាងក្តៅគគុក ចាប់តាំងពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ ក្នុងគោលបំណងបង្កើននូវការចែកចាយព័ត៌មានមិនពិតនិងគ្មានប្រភពច្បាស់លាស់៕
ប្រភព៖Cnet