ប្រទះឃើញក្រពើភ្នំ ប្រភេទសត្វដ៏កម្របំផុតសរុប ១០ក្បាល ក្នុងនោះមានកូនចំនួន ៩ក្បាល
ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២២ ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាននិងអង្គការ WWF បានប្រទះឃើញ«សត្វក្រពើភ្នំដែលជាប្រភេទសត្វដ៏កម្របំផុតសរុប ១០ក្បាលក្នុងនោះមាន កូនក្រពើភ្នំចំនួន ៩ក្បាល និងមេមួយក្បាល កំពុងហែលនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវានៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។
អ្នកនាំពាក្យនៃក្រសួងបរិស្ថានឯក ឧត្តម នេត្រ ភក្ត្រា ថ្លែងថា នេះគឺជា ដំណឹងដ៏រីករាយបំផុតសម្រាប់ក្រុមអ្នកអភិរក្ស និងអ្នក ស្រាវជ្រាវដែលបានចំណាយ ពេលវេលា កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញការងារដោយភាពអត់ធ្មត់បំផុត ក្នុងការតាមដានអំពីវត្តមានសត្វក្រពើភ្នំ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក។ របកគំហើញនេះបានធ្វើឱ្យកម្ពុជាមានកំណត់ត្រាថ្មីមួយបន្ថែមទៀតពីវត្តមានក្រពើភ្នំនៅក្នុងខេត្តមណ្ឌលគិរី បន្ថែមពីអ្វីដែលគេបានដឹងពីមុនមកថាក្រពើភ្នំមានវត្តមានតែនៅក្នុងតំបន់អារ៉ែងក្នុងតំបន់ជួរភ្នំក្រវ៉ាញខេត្តកោះកុង។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការកត់សម្គាល់ពីវត្តមានទាំងមេក្រពើ និងកូនក្រពើភ្នំសរុប ១០ នៅពេលនេះ គឺជាការបញ្ជាក់កាន់តែច្បាស់អំពីវត្តមាន របស់ហ្វូងកូនសត្វក្រពើភ្នំដែលត្រូវបានអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកវត្តមានរបស់ពួកវាជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។
ឯកឧត្តមបានលើកឡើងថា នេះគឺជាលទ្ធផលដ៏វិជ្ជមាន ដែលកើតចេញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិអភិរក្សរវាងក្រសួងបរិស្ថាន និង អង្គការWWF»។ វត្តមានសត្វក្រពើភ្នំនៅពេលនេះបានបង្ហាញឲ្យឃើញពីសារៈសំខាន់នៃដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ព្រៃរបោះធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាតំបន់ជីវៈចម្រុះសកលមួយដែលមានសក្តានុពលខ្ពស់សម្រាប់ការស្តារធនធានជីវៈចម្រុះ និងចំនួនសត្វព្រៃសំខាន់ៗមានតម្លៃជាសកលឡើងវិញ។
ជាមួយគ្នានេះ លោក សេង ទៀក នាយកអង្គការWWFកម្ពុជា ក៏បានមានប្រសាសន៍ថា៖ «យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សបន្ថែមទៀត ដោយផ្តល់អាទិភាពលើការស្វែងរកនូវដំណោះស្រាយសមស្រប និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់គាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារធនធានសត្វព្រៃ ហើយស្របពេលជាមួយគ្នានោះដែរ បន្តអំពាវនាវឱ្យចាត់នូវវិធានការ និងវិធីសាស្ត្រឲ្យកាន់តែប្រសើរជាងមុនដើម្បីគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងធនធានធម្មជាតិ»។
លោកបានបន្ថែមថា៖ «គំហើញនាពេលនេះ បានបង្ហាញថាការស្តារចំនួនសត្វព្រៃនៅតំបន់ព្រៃទេសភាពភាគខាងកើតឲ្យប្រសើរឡើងវិញគឺជាលទ្ធភាពដែលគេអាចធ្វើទៅបាន ដោយបង្កើនកិច្ចសហការរួមគ្នា ដើម្បីរៀបចំឡើងឲ្យមាននូវលក្ខខណ្ឌចាំបាច់នានាដូចជា ការការពារទីជម្រក ការធានាការផ្គត់ផ្គង់ចំណីអាហារ និងទឹកតាមបែបធម្មជាតិ ដែលជាសុទ្ធសឹងជាកត្តាផ្តល់អំណោយផលដល់ការរស់រានរបស់សត្វក្រពើភ្នំ និងប្រភេទសត្វដទៃជាច្រើនទៀតដែលកំពុងរស់នៅក្នុងទីជម្រកធម្មជាតិនៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃកម្ពុជានេះ»។
សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឲ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ចន្លោះពី ២០០ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១.០០០ (១ពាន់) ក្បាលឡើយ៕