វៀតណាម សម្រេចផ្អាកបណ្តោះអាសន្នរថយន្តកុងតឺន័រដឹកទំនិញ ចេញទៅកាន់ចិន រហូតចូលឆ្នាំរួច
ហាណូយ៖ វៀតណាមបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវរថយន្តកុងតឺន័រដឹកផ្លែឈើស្រស់សម្រាប់ការនាំចេញទៅកាន់ប្រទេសចិនតាមច្រកទ្វារព្រំដែនខេត្តភាគខាងជើង Lao Cai និង Quang Ninh ដោយសារការកកស្ទះនៅតែបន្តនៅទីនោះ។ នេះបើយោងតាមកាសែត vietnamplus ចេញផ្សាយកាលពីថ្ងៃអង្គារ៍។
ចិនកំពុងចាត់វិធានការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជំងឺកូវីដ ១៩ ច្រកទ្វារសម្រាប់នាំចេញផ្លែឈើស្រស់នៅតែមានកម្រិតតិចតួច ដោយរថយន្តដឹកទំនិញឆ្លងកាត់ចាប់ពីថ្ងៃទី ១២ ដល់ ១៥ មករា មានតែ ៦០ គ្រឿងប៉ុណ្ណោះ ខណៈផ្លែស្វាយ ឪឡឹក និងខ្នុរ ដែលជាប់គាំងនៅច្រកព្រំដែន Lao Cai ជាមួយច្រកព្រំដែន Kim Thanh កំពុងមានលើសបរិមាណ ហើយមិនអាចគ្រប់គ្រងបានទៀតទេ ។
ដោយឡែកខេត្ត Quang Ninh នឹងបញ្ឈប់ការដឹកជញ្ជូន ទំនិញផ្សេងទៀតដែលពិបាកនឹងរក្សាទុកតាមច្រកព្រំដែន និងច្រកឆ្លងកាត់ក្នុងទីក្រុង Mong Cai ចាប់ពីថ្ងៃទី ១៧ ខែមករា ដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលនឹងចាប់ផ្តើមក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ ។
ការផ្អាកនេះមានគោលបំណងដោះស្រាយឲ្យបានហ្មត់ចត់ជាមួយនឹងទំនិញដែលជាប់គាំងនៅច្រកព្រំដែន និងច្រកឆ្លងកាត់ក្នុងខេត្ត Quang Ninh ត្រឹមថ្ងៃទី ៣១ ខែមករា និងដើម្បីចៀសវាងហានិភ័យនៃជំងឺរាតត្បាត ខណៈក៏បានអំពាវនាវឲ្យខេត្ត ក្រុងទូទាំងប្រទេស ជូនដំណឹងអំពីបញ្ហានេះដល់អាជីវករ បុគ្គល និងស្ថាប័នពាក់ព័ន្ធផងដែរ ៕