កម្មវិធី «The Voice» នៅប្រទេសហូឡង់ ត្រូវផ្អាកភ្លាមៗ បន្ទាប់ពីផ្ទុះរឿងអាស្រូវផ្លូវភេទ រវាងគណៈកម្មការ និងបេក្ខនារីដែលចូលរួមក្នុងកម្មវិធី

(បរទេស)៖ «The Voice of Holland» ដែលជាកម្មវិធីប្រឡងចម្រៀងមានការពេញនិយមខ្លាំង ត្រូវបានធ្វើនៅចក្រភពអង់គ្លេស និងអាមេរិក ហើយក្រោយមកល្បីល្បាញ យកទៅធ្វើបន្តនៅបណ្តាប្រទេសនានាជាច្រើននោះ ត្រូវបានដកចេញការផ្សាយ នៅប្រទេសហូឡង់មួយរយៈពេល ជុំវិញរឿងអាស្រូវផ្លូវភេទរវាងអ្នកតន្រ្តី គណៈកម្មការ និងបេក្ខនារីមួយចំនួន ដែលចូលរួមប្រឡងប្រជែងក្នុងកម្មវិធី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

 

 

ប្រព័ន្ធផ្សព្វផ្សាយរបស់អាល្លីម៉ង់ RTL ដែលមានមូលដ្ឋាននៅហូឡង់ និងស្ទូឌីយូ ITV សុទ្ធតែបានលើកឡើងថា ជុំវិញរឿងនេះ ការស៉ើបអង្កេតឯករាជ្យ នឹងត្រូវអនុវត្តន៍ ទៅតាមការទាមទារ ហើយធ្វើឡើងដោយតឹងរឹងបំផុតផងដែរ។

បុរសម្នាក់ឈ្មោះថា Jeroen Rietbergen ដែលជាអ្នកដឹកនាំក្រុមតន្រ្តី និងជាតន្រ្តីករ ក្នុងកម្មវិធី «The Voice of Holland» នេះផ្ទាល់ ក្រោយមានបញ្ហាខាងលើ បានចាកចេញពីកម្មវិធីនេះ ហើយថែមទាំងបានធ្វើសេចក្តីថ្លែងការណ៍ទទួលស្គាល់ថា លោកមានទំនាក់ទំនងផ្លូវភេទជាមួយនារីមួយចំនួន ដែលចូលរួមក្នុងកម្មវិធីនេះ និងបានផ្ញើសារទៅកាន់ពួកគេ ក្នុងនៃផ្លូវភេទផងដែរ…។

ការចោទប្រកាន់ជុំវិញរឿងនេះ ក៏ត្រូវបានរាយការណ៍មកថា មានជាប់ពាក់ព័ន្ធនឹងគណៈកម្មការក្នុងកម្មវិធីនេះផងដែរ គឺលោក Ali B តែយ៉ាងណាភ្លាមៗ លោកបានបង្ហោះសារ Instagram ថា លោកច្បាស់ ១០០% ថាលោកមិនមានកំហុសអ្វីនោះទេ ហើយលោកក៏រីករាយក្នុងការចូលរួមសហការស៉ើបអង្កេតផងដែរ។ បន្ថែមពីនេះ អ្នកគ្រប់គ្រងរបស់ Ali B ក៏បានចេញមុខអះអាងថា តារារូបនេះមិនដែលបំពានតួនាទីរបស់ខ្លួនឡើយ។

បញ្ហានេះបានធ្វើឲ្យកម្មវិធី «The Voice of Holland»ទាំងមូលត្រូវបានផ្អាកភ្លាមៗ ហើយអ្នករៀបចំកម្មវិធីនេះលើកឡើងថា វាអាចធ្វើទៅបាន ប្រសិនបើបញ្ហានេះត្រូវបានដោះស្រាយរួចរាល់ចប់សព្វគ្រប់។

គួរជម្រាបថា «The Voice of Holland» បានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០១០ ក្រោយមកធ្វើឡើង និងចាក់បញ្ចាំងនៅអាមេរិកក្នុងឆ្នាំ២០១១ និងនៅចក្រភពអង់គ្លេសក្នុងឆ្នាំ២០១២ ក្រោយមកក៏មានការធ្វើឡើង នៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds