ថ្ងៃស្អែកសាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្តី សំណុំ​រឿង​លោក កឹម សុខា

ភ្នំពេញៈ ​តាម​ការគ្រោងទុក​នៅ​ថ្ងៃទី​ ១៩ ខែមករា សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្តី សំណុំ​រឿង​លោក កឹម សុខា ក្រោម​បទចោទ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស ​(​ក្បត់ជាតិ​)» ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល បន្ទាប់ពី​ត្រូវបាន​ពន្យារពេល​មួយរយៈ​។

លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយដឹងថា សម្រាប់​សវនាការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ១៩ ​មករា ក្រុមប្រឹក្សា ដែល​ត្រូវ​​ជំនុំជម្រះ​គឺ​ដដែល​ដូច​លើក​មុន មិនមាន​ការផ្លាស់ប្តូរ​ទេ ក្នុងនោះ​រួមមាន លោក​ កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក​ សេង លាង និង​លោក​ ធាម ច័ន្ទពិសិដ្ឋ ចៅក្រម​ប្រឹក្សា​។ តំណាង​អយ្យការ​អម​សវនាការ លោក​ ប្លង់ សុផល ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ក្រឡាបញ្ជី​លោក​ ជ័យ វាសនា​។

តាម​ដីកា​កោះហៅ​ចុះ​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ​ ២០២១ លោក ប្លង់ សុផល បាន​តម្រូវឱ្យ​លោក កឹម សុខា ត្រូវ​ចូលរួម​សវនាការ​ក្នុង​សំណុំរឿង «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» នៅ​ព្រឹក​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ ​២០២២​ ជា​កំហិត​។

លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៣ ​កញ្ញា ឆ្នាំ​ ២០១៧ ​នៅ​គេហដ្ឋាន​របស់លោក ក្នុង​ខណ្ឌ​ទួលគោក និង​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ដោយ​ចោទ​ពីបទ​ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ដោយ​គិត​មកដល់​ពេលនេះ គឺមាន​រយៈពេល ៤ ​ឆ្នាំ​ហើយ​។

លោក​ កឹម សុខា ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ កាលពី​ថ្ងៃទី ​១០ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ប៉ុន្តែ​ត្រូវ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ទី​ ១ មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​ ២ មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ និង​ទី​ ៣ ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds