វិធីហាត់ប្រាណពិសេសៗ សម្រាប់អ្នកគូទស្វិត ចង់បានគូទស្អាត!
១- ហាត់ប្រាណជំនួយសាច់ដុំគូទ
មានវិធីហាត់ប្រាណមួយចំនួនដើម្បីជួយឲ្យគូទយើងមូល និងធំឡើងវិញ ហើយវិធីហាត់ប្រាណងាយៗសម្រាប់ជំនួយគូទ យើងគួរអនុវត្តច្រើនជាង ៣ ដង/អាទិត្យ ដើម្បីឆាប់ទទួលបានលទ្ធផលដូចជា៖
– ហាត់បែប Squats៖ ដោយឈរត្រង់ខ្លួន ធ្វើយ៉ាងណាប្រអប់ជើងស្របនឹងទទឹងស្មា។ បន្ទាប់មកលាតដៃទាំងសងខាងទៅមុខ បន្ទន់ជង្គង់ចុះ (ដូចពេលរៀបអង្គុយលើកៅអី) រួចបន្ទន់ខ្លួនចុះបែបនេះទៀតតាមអាចធ្វើទៅបាន បើគ្មានអារម្មណ៍តឹងសាច់ដុំ ឬពិបាក បន្ទាប់មកត្រូវក្រោកឡើងវិញ។ កាន់តែល្អ បើសិនជង្គង់យើងអាចបត់បានដល់ ៩០ដឺក្រេ ពោលគឺភ្លៅស្របទៅនឹងឥដ្ឋ ឬកម្រាល។ ធ្វើបែបនេះ ១០ដង ជាប់គ្នា។
– ហាត់បែប Bridges៖ ត្រូវដេកផ្ងារ បន្ទាប់មកទល់ជង្គង់ឡើងលើ ប្រអប់ជើងស្មើកម្រាល ឬឥដ្ឋ លើកត្រគាកឡើងលើរហូតទាល់តែជង្គង់ និងស្មារបស់រត់ត្រង់ជាបន្ទាប់មួយ។ បន្ទាប់មកទម្លាក់ត្រគាកចុះវិញថ្នមៗ។ ធ្វើបែបនេះប្រហែល ១០នាទី។
– ហាត់បែប Lunges៖ ឈរត្រង់ដាក់ជើងទាំងពីរស្មើគ្នា ដៃច្រត់ចង្កេះទាំងសងខាង។ ជើងឆ្វេងបោះទៅមុខ ហើយជើងស្ដាំរក្សានៅទីតាំងដដែល បន្ទន់ជំហរ ទៅតាមរបត់ជើងឆ្វេង ស្មង និងជង្គង់ស្តាំ ត្រូវស្របស្មើកម្រាល ឬឥដ្ឋ ប៉ុន្តែមិនត្រូវឲ្យបះឥដ្ឋ ឬកម្រាលទេ។ បន្ទាប់មកងើបឡើងវិញ ហើយចាប់ផ្ដើមធ្វើម្ដងទៀតជាថ្មីដោយប្រើជើងស្ដាំម្ដង។ ធ្វើចុះឡើងៗ ៨-១០ ដង។
– ហាត់ One-leg kickbacks៖ ទម្រេតខ្លួនមកមុខ ដោយប្រើដៃ និងជង្គង់សម្រាប់ទប់ជំហរ។ លើកជើងម្ខាងទៅក្រោយឲ្យខ្ពស់តាមតែអាចធ្វើទៅបាន ហើយដាក់ជើងមកកន្លែងដើមវិញ។ ប្ដូរជើងម្ខាងទៀត ធ្វើបែបនេះដូចគ្នា ធ្វើចុះឡើង ៨-១០ ដង។
២- កីឡាផ្សេងទៀតអាចជំនួយសាច់ដុំគូទ
ការលេងកីឡាមួយចំនួន ក៏អាចជួយឲ្យគូទរីកធំបានដែរដូចជា ជិះកង់ ហែលទឹក រត់ ឬហាត់កាយសម្ព័ន្ធជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និង ប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។