ពេលនេះ Ronaldo បានជះលុយ ១៨លានដុល្លារទិញយកឡានតម្លៃថ្លៃជាងគេបំផុតលើលោក!
កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ត្រូវបានគេសង្ស័យថា គឺជាម្ចាស់រថយន្តស៊េរីទំនើប Bugatti La Voiture Noire ដែលទើបប្រកាសចេញលក់ក្តៅៗ និងមានតែមួយគ្រឿងដំបូងប៉ុណ្ណោះក្នុងលោក។ បើយោងតាម AS បានឱ្យដឹងថា កីឡាករ Cristiano Ronaldo គឺជាអ្នកគាំទ្រយ៉ាងងប់ងល់ទៅលើ Brand Bugatti នេះ ហើយប្រាកដណាស់ថា ម្ចាស់រថយន្តសេរ៊ីទំនើបដ៏ប្រណីតមួយគ្រឿងនេះ គ្មានអ្នកណាផ្សេងទៀតឡើយ ក្រៅតែពីកីឡាករខ្សែប្រយុទ្ធរបស់ក្លិប Juventus រូបនេះ។
រថយន្ត Bugatti “La Voiture Noire” ត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៍រថយន្ត The Geneva Motor Show ២០១៩។ គួរឱ្យដឹងថា រថយន្តដ៏ប្រណីតមួយគ្រឿងនេះ ត្រូវបានផលិតឡើងដើម្បីអបអរសាទរខួបគម្រប់ ១១០ឆ្នាំរបស់ក្រុមហ៊ុន Bugatti។ លក្ខណៈសម្បត្តិរបស់រថយន្ត La Voiture Noire នេះ គឺជារថយន្តកម្លាំងខ្លាំងម៉ាស៊ីនសាំង ៨លីត្រ និងអាចបើកបរបានរហូតដល់ ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណុចដ៏អស្ចារ្យមួយទៀត គឺរថយន្តនេះអាចតម្លើងល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយពេលត្រឹមតែ ២.៤វិនាទីតែប៉ុណ្ណោះ។
ចំណែកតម្លៃវិញមិនជាថ្លៃប៉ុន្មានទេ គឺត្រឹមតែជាង ១២,៥លានដុល្លារអាមេរិក និងបូកបន្ថែមទាំងតម្លៃពន្ធទៀត គឺប្រមាណជា ១៨លានដុល្លារសម្រាប់រថយន្តប្រណីតមួយគ្រឿងនេះ។
គួរឱ្យដឹងថា Cristiano Ronaldo ក៏ជាម្ចាស់រថយន្តស៊េរីទំនើបជាច្រើនគ្រឿងផ្សេងទៀតផងដែររួមមាន Ferrari F430, Phantom Rolls-Royce, Lamborghini Aventador, Maserati GranCabrio, Bentley Continental GTC រួមទាំងរថយន្ត Bugatti Veyron ផងដែរ៕