មហាជននាំ គ្នា រំភេីប គ្រប់គ្នា ក្រោយ ឃេីញ អ្នកនាង ឱក សុគន្ធកញ្ញាប្រារព្ធ ពិធី ដឹងគុណ គ្រូយ៉ាងអធឹកអធ័មបែបនេះ..!

ថ្មីៗនេះ សិល្បករ-ការិនីជាច្រើន បានធ្វើការផ្តើមគំនិតរៀបចំកម្មវិធីបុណ្យចម្រើនព្រះជន្មជូនព្រឹទ្ធាចារ្យសិល្បៈខ្មែរ វីរសិល្បករ ព្រឿង ឈៀង ដើម្បីជាការរំឭកដឹងគុណនៃការលះបង់​ដ៏ធំធេង​របស់​លោកគ្រូ នៅពីក្រោយភាពជោគជ័យរបស់សិល្បករ និង ផ្ទាំងទស្សនីយភាពធំៗជាងច្រើនតែងតែមានលោកនៅពីក្រោយភាពជោគជ័យទាំងនោះ។

មកដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ នេះ ក្នុងកម្មវិធីបុណ្យចម្រើនព្រជន្មជូនវីរសិល្បករ ព្រឿង ឈៀង ​ដែលបានរៀបចំនៅវត្តបុទុមវតីរាជវររាម ​គេក៏បានឃើញវត្តមាន​សិល្បករ -ការិនីជា​ច្រើន​​​បានចូលរួមភ្ជាប់​ជាមួយនឹងទឹកចិត្តរំភើបខ្លាំង ចំពោះការរៀបចំកម្មវិធីដើម្បីសំពះដឹងគុណដ៏មានអត្ថន័យជូន វីរសិល្បកររូបនេះ។

ក្នុងនោះ ក៏បានឃើញវត្តមានរបស់ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានចូលរួមចំណែកក្នុងកម្មវិធីនេះដែរ ព្រមទាំងបានបង្ហោះរូបភាព និងសារបង្ហាញពីអារម្មណ៍មានចិត្ត

រំភើបខ្លាំង ក្រោយពីបានធ្វើការគោរពដឹងគុណចំពោះលោកគ្រូ ព្រឿង ឈៀង ដែល អ្នកនាង ទម្លាយពីទំហំចិត្តសែនគោរពស្រឡាញ់ ដោយលើកឡើងថា លោកគ្រូប្រៀបដូចជាឪពុកម្ដាយទី ២ សម្រាប់​អ្នកនាង និង សិល្បករជាច្រើនទៀត។

សារនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ថា ៖«ក្នុងនាមកូនជាលិល្បការិនីមួយរូប និងជាអតីតនាថការីរបាំ កូនពិតជារំភើបសម្រាប់ថ្ងៃនេះ ដែលកូនបានមានឱកាសក្រាប​សំពះ​ស្រង់​​ទឹកជូនលោកគ្រូដែលជាឳពុកម្តាយទី២ ជាការគោរពដឹងគុណបំផុតនូវការលះបង់ស្ទើរពេញមួយជីវិត ដើម្បីសិល្បៈវប្បធម៌ជាតិ និងជាពិសេសបង្ហាត់បង្រៀន ផ្ទេរចំណេះជំនាញ​ដល់សិស្សៗគ្រប់រូបឥតហត់នឿយ ទោះលោកមានព្រះជន្មច្រើនហើយក៏ដោយ។ ថ្ងៃនេះកូនពិតជារំភើបដែល​បានរួមចំណែកក្នុងកម្មវិធីចម្រើនព្រះជន្មលោកគ្រូក៏ដូច​ជាការគោរព​ដឹង​គុណ​គ្រូដ៏មានអត្ថន័យបំផុត កូនសូមបួងសួងវត្ថុសក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាលោកគ្រូ អ្នកគ្រូ ជាវីរសិល្បករ ជា “មរតកមនុស្សរស់” សូមលោកមានសុខភាល្អបរិបូរណ៍ អាយុ​យឺន​យូរ ​ជាម្លប់នៃកូនៗជាសិល្បករបន្តវេណ និងក្នុងបុព្វហេតុរក្សាវប្បធម៌នៃដួងព្រលឹងជាតិខ្មែរ»។

ជាមួយគ្នានោះដែរ កំពូលតារាស្រីរូបនេះ ក៏បានធ្វើការគោរពអរគុណចំពោះ អ្នកគ្រូ លោកគ្រូ អ្នកមានគុណផ្សេងៗទៀតក្នុងវិស័យនេះផងដែរថា ៖ «ឆ្លៀតក្នុងឱកាសនេះ កូនសូមគោរព​អរគុណ និង គោរពដឹងគុណ អ្នកគ្រូឃួន អ្នកគ្រូមុំ និងលោកគ្រូ អ្នកគ្រូទាំងអស់ដែលលោកបានបង្ហាត់បង្រៀនខ្ញុំ ដែលលោកទាំងអស់ ជាប្រទីបបំភ្លឺផ្លូវជាការផ្តល់មូលដ្ឋានគ្រឹះ និង​ជា​ចំណែក​ដ៏ធំដែលធ្វើអោយកូនមានថ្ងៃនេះ។ កូននឹងចងចាំនូវរាល់បណ្តាំលោកគ្រូ អ្នកគ្រូ រួមថែរក្សាសិល្បៈ វប្បធម៌ ក្នុងទម្រង់ជាខ្មែរ ” បុរាណមិនយឺត សម័យមិនបរទេស” ដោយក្តីគោរព​ដឹងគុណពីកូន ១៥.០១.២០២២»៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds