ម៉ាក់ៗថ្មីថ្មោង ពេលឃើញកូនយំខ្លាំង គួរលួងតាមវិធីនេះ!!
ម៉ាក់ៗទើបមានកូនដំបូង ភ័យបំផុតពេលកូនយំខ្លាំងៗមិនបាត់។ សម្រាប់គ្នាយើងណាដែលជួបបញ្ហាបែបនេះគួរឈប់បារម្ភទៀតទៅ «Hello គ្រូពេទ្យ» បានសាកសួរពីអ្នកមានបទពិសោធន៍លួងកូនតូចពូកែយំដោយគ្មានមូលហេតុ ដើម្បីមកចែករំលែកជាចំណេះដឹងខ្លះៗដូចខាងក្រោម៖
១- ឱបកូនមកផ្អឹបនឹងទ្រូង
ពេលគេងស្រាប់តែកូនយំដោយគ្មានមូលហេតុ ហើយយំខ្លាំងឡើងៗ ម៉ាក់ៗឃើញបែបនេះពិតជាភ័យខ្លាំងណាស់ហើយ ព្រោះមិនដឹងថាមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដ។ ដើម្បីធ្វើឲ្យកូនវិលមកសភាពដើមវិញ យើងគួរលើកកូនតូចមកឱបឲ្យជាប់នឹងដើមទ្រូង និងអង្រួនតិចៗ ហើយជញ្ជក់មាត់ឲ្យកូនឮសម្លេងថាមានមនុស្សនៅក្បែរ។ នេះជាការចែករំលែករបស់ លីហ្សា ដែលចេះជំនាញនេះមកពីចាស់ៗជំនាន់មុន។
២- ពរកូនមកដាក់លើស្មា
ឆេងអៀង បានរៀបរាប់បទពិសោធខ្លះៗថា៖“ដោយសារតែយើងទើបមានកូនដំបូង ដូចនេះមិនដឹងថាហេតុអ្វីបានជាកូនយំឡើយ ទោះជាពិនិត្យមើលយ៉ាងណាក៏គ្មានឃើញដានសត្វល្អិតទិច ខាំ ឬចូលភ្នែក ត្រចៀកឡើយ។ បើកូនមានសភាពបែបនេះ គួរតែលើកក្បាលកូនមកគេងលើស្មា ហើយគោះខ្នងតិចៗ និងដើរទៅដើរមក ធ្វើបែបនេះកូននឹងចាប់ផ្ដើមបាត់យំបន្តិចម្ដងៗ រហូតដល់គេងលក់”។
៣- ព្យាយាមរកមូលហេតុ
បើទោះជារកមើលសត្វល្អិតទិច ឬខាំមិនឃើញយើងគួរតែបង្វែរពីរឿងនោះ មកពិនិត្យមើលពោះ ឬលាមកកូន ព្រោះភាគច្រើនក្មេងយំមិនបាត់មកពីឈឺពោះ ឬទល់ខ្យល់។ គួរតែយកដៃទៅគោះពោះកូនតូចតិចៗ បើពោះកូនឮសូរផ្លុងៗ បានន័យថាកូនហើយមពោះ ហើយត្រូវឆាប់រកថ្នាំមកលាបរឹត និងសម្អាតសម្ភារៈពាក់ព័ន្ធនឹងកូនឲ្យបានល្អ។ នេះជាវិធីរបស់ស្រីម៉ាច។
៤- ចូលទៅគេងជាមួយកូន
ប្រសិនបើកូនយំដោយភាពឈឺចាប់ណាមួយដូចជាចាក់វ៉ាក់សាំងផ្សេងៗនោះ ហើយលួងយ៉ាងណាក៏មិនបាច់ យើងគួរតែព និងចូលទៅគេងក្នុងអង្រឹងឱបកូនឲ្យជាប់ តែកុំឲ្យប៉ះមុខរបួស ព្រោះរឹតតែបង្កភាពឈឺបន្ថែមទៀត។ បន្ទាប់ពីគេងក្នុងអង្រឹងទាំងម៉ាក់និងកូន យើងគួរតែយោលតិចៗ ដើម្បីឲ្យកូនឆាប់គេងលក់។ នេះជាការលួងកូនរបស់ ស្រីម៉ៅ ហើយគាត់បានណែនាំដល់ម៉ាក់ៗដទៃធ្វើតាមឃើញថាមានផលល្អ។
នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕