ប្រឡងធ្លាក់ហើយ សុំយោគយល់ឲ្យ សម្តេចតេជោ ហ៊ុន សែន អនុគ្រោះដើម្បីសុំឲ្យប្រឡងជាប់វិញ ស្រាប់តែ សម្តេច តបទៅវិញឡើងចុកឈាម…
ភ្នំពេញ៖ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ គេសង្កេតឃើញថា គ្រប់រាជធានីខេត្តទាំង២៥ របស់ប្រទេសកម្ពុជា សុទ្ធតែមានបេក្ខជនជាប់និទ្ទេស A ដោយក្នុងនោះរាជធានីភ្នំពេញមានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេរហូតដល់ ៥៦៥នាក់ ។
យោងតាមលទ្ធផលដែលបង្ហាញដោយក្រសួងអប់រំ បន្ទាប់ពីរាជធានីភ្នំពេញដែលមានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេ ខេត្តបន្ទាប់ គឺខេត្តសៀមរាប ដែលមានបេក្ខជនជាប់និទ្ទេស A ចំនួន ១៥៣នាក់ និងបន្ទាប់មកទៀត គឺខេត្តកណ្តាល ១២៧នាក់, ខេត្តបាត់ដំបង ១២៣នាក់, ខេត្តកំពង់ចាម ១១៨នាក់, ខេត្តបន្ទាយមានជ័យ ៩៩នាក់, ខេត្តតាកែវ ៩៩នាក់, ខេត្តព្រៃវែង ៨៧នាក់, ខេត្តកំពត ៧៥នាក់។
ចំណែកខេត្តត្បូងឃ្មុំមានបេក្ខជនជាប់និទ្ទេស A ៥៤នាក់, ខេត្តក្រចេះ ៤៥នាក់, ខេត្តកំពង់ធំ ៤១នាក់, ខេត្តកំពង់ស្ពឺ ៣៣នាក់, ខេត្តពោធិ៍សាត់ ២៨នាក់, ខេត្តស្វាយរៀង ២៦នាក់, ខេត្តកំពង់ឆ្នាំង ២២នាក់, ខេត្តព្រះសីហនុ ២០នាក់, ខេត្តរតនគិរី ៩នាក់, ខេត្តស្ទឹងត្រែង ៦នាក់, ខេត្តប៉ៃលិន ៦នាក់, ខេត្តឧត្តរមានជ័យ ៥នាក់, ខេត្តកោះកុង ៤នាក់, ខេត្តព្រះវិហារ ៤នាក់, ខេត្តកែប ៣នាក់ និងខេត្តមណ្ឌលគិរី ១នាក់។
ក្រោយប្រកាសនិទ្ទេសសិស្សានុសិស្សរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារជូនពរក្មួយៗថា សូមអបអរសាទរចំពោះចៅៗដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស។ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលឆ្នាំនេះមានរហូកដល់១៧៥៣នាក់។ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ២០២០ដែលឱយជាប់ទាំងអស់គ្នាដោយគ្មាននិទេ្ទសដោយសារកូវីដ១៩។ឆ្នាំនេះខ្ញុំនិងជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។ពេលវេលានិងទីកន្លែងជួបនិងជំរាបតាមក្រោយតាមរយៈរដ្ឋមន្ត្រីហង្ស ជួនណារ៉ុន។
បន្ទាប់ពីសម្តេច តេជោ ហ៊ុន សែន បានបង្ហោះបែបនេះភ្លាមក៏មានគណនីហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា Anji Naya បានសរសេរខមិន ថា “ជម្រាបសួរលោកតាសម្តេចបើចៅប្រលងធ្លាក់តើមានការយោគយល់បន្តិចទេលោកតាចៅសុំតែម៉ាជាប់ទេ សុំលោកតាអនុគ្រោះផង” ភ្លាមនោះ សម្តេចក៏តបវិញថា “បើប្រឡងធ្លាក់ហើយបែជាមានការយោគយល់ឱយជាប់យើងមិនបាច់ប្រឡងទេនាំអស់លុយនិងកម្លាំង។សូមចៅខិតខំរៀនដើម្បីឆ្នាំក្រោយចូលប្រឡងបន្តទៀត”៕