លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនជាង៧ ម៉ឺន២ពាន់នាក់ ស្មើ៦៥.៦៥ជាប់
ភ្នំពេញ៖ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៃសម័យប្រឡងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលមានបេក្ខជនបានប្រឡងជាប់ចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥,៦៥% ដែលមានការថយចុះជាងឆ្នាំ ២០១៩ ដែលមាន ៦៨,៦២% ចំណែកបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ ដែលមានការកើនឡើងជាងឆ្នាំ២០១៩។ នេះបើយោងតាមការប្រកាសលទ្ធផលពី ក្រសួងអប់រំ យុវជន និងកីឡា។
សេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥,៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨,៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ ដែលក្នុងឆ្នាំ២០១៩ មានចំនួន ៤៤៣ នាក់)។
ក្រសួងបានបន្ថែមថា សម្រាប់និទ្ទេស B មានចំនួន ៥ ២១៥ នាក់ ដែលឆ្នាំ២០១៩ មានចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់ ដែលឆ្នាំ២០១៩ ចំនួន ៥ ៨៤៧ នាក់, និទ្ទេស D មានចំនួន ២៣ ៤៩៩ នាក់ ដែលឆ្នាំ២០១៩ ចំនួន ១៤ ១០០ នាក់, និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ ដែលឆ្នាំ២០១៩ ចំនួន ៥៦ ២៣២ នាក់។
បេក្ខជនគ្រប់រាជធានី ខេត្ត ដែលទទួលបាននិទ្ទេស A ចំនួន ១៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្ដាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់។ ខេត្តបន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់។ ខេត្តកំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនសរុប ចំនួន ១១៤ ១៨៧ នាក់ ក្នុងនោះ ១០៤ ២៩៩ នាក់ ជាបេក្ខជនចំណេះទូទៅ, ៤ ៤១៧ នាក់ ជាបេក្ខជនស្វៃរិន, ៣ ៤៣៦ នាក់ ជាបេក្ខជនបំពេញវិជ្ជា និង ២ ០៣៥ នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា។
ការប្រកាសលទ្ធផល ធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមករា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅព្រឹកថ្ងៃទី១៥ ខែមករាសម្រាប់ខេត្តដទៃទៀត៕