ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេរវាងកម្ពុជា និងជប៉ុន សម្រេចក្នុងទឹកប្រាក់ជាង $១ ៧០០លាន
ភ្នំពេញ៖ ក្នុងឆ្នាំ ២០២១ កន្លងមកទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន សម្រេចបានក្នុងទឹកប្រាក់ជាង $១ ៧០០ លាន កើនឡើង ០,៤៩ %បើធៀបឆ្នាំ ២០២០ ដែលមានចំនួន $១ ៦៩២ លាន ។ នេះបើតាមទិន្នន័យក្រសួងពាណិជ្ជកម្ម។
ក្រសួងបានបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២១ ការនាំចេញទៅប្រទេសជប៉ុនមានទឹកប្រាក់សរុប $១ ០៩៤ លាន កើន ៣,៦១ % ខណៈការនាំចូលពីជប៉ុនមានទឹកប្រាក់ជាង $៦០៧ លាន ថយចុះ ៤,៦៨ %បើធៀបនឹងឆ្នាំ ២០២០។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានអោយដឹងថា ថ្វីដ្បិតតែកំណើននៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជប៉ុននៅក្នុងឆ្នាំ ២០២១ បានកើនតិចតួច ប៉ុន្តែការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជានៅតែមានចំនួនច្រើនគួរឱ្យកត់សម្គាល់។ សព្វថ្ងៃនេះ ក្រុមហ៊ុនជប៉ុនជាច្រើនកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅខេត្តកោះកុង ដោយបានវិនិយោគស្ទើរគ្រប់វិស័យ ដូចនេះ នៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយជប៉ុន ទំនាក់ទំនងការទូត និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងកាន់តែមានទំហំកាន់តែធំឡើងបន្ថែមទៀត។
លោក ថា៖ «កន្លងទៅមានក្រុមហ៊ុនជប៉ុនជាច្រើនធ្លាប់បានលើកឡើងថា ជប៉ុនបូកមួយដែលឃ្លានេះមានន័យថា បើសិនមានក្រុមហ៊ុនជប៉ុនបើកនៅប្រទេសថៃ ឬប្រទេសវៀតណាមហើយនោះ គេនឹងបង្កើតមួយទៀតនៅកម្ពុជា»។
លោកបន្តថា មានកត្តាអំណោយផលជាច្រើនដែលកំពុងទាក់ទាញវិនិយោគិនជប៉ុនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ដែលដូចជា ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់, ភាពអនុគ្រោះពន្ធផ្សេងៗពីដៃគូអន្តរជាតិនានានឹងធ្វើឱ្យកម្ពុជាទទួលមានកំណើនពាណិជ្ជកម្ម ជាមួយប្រទេសជប៉ុន និងប្រទេសផ្សេងទៀត ជាបន្តបន្ទាប់។
វិនិយោគិនជប៉ុនភាគច្រើនបានវិនិយោគនៅប្រទេសកម្ពុជាក្នុងវិស័យឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេសចរណ៍ សំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យលក់រាយ ផ្សារទំនើប វិស័យសេវាកម្ម និងវិស័យភោជនីយដ្ឋានជាដើម។
បើតាមក្រសួងពាណិជ្ជកម្ម ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅជប៉ុនមានដូចជាស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គុំ ម៉ាស៊ីនអគ្គិសនី ចំណែកជប៉ុននាំចូលមកកម្ពុជាវិញមាន ផលិតផលគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងបរិក្ខារសម្រាប់លំនៅឋាន និងគ្រឿងចក្រសម្រាប់វិស័យកសិកម្មជាដើម៕