រោងចក្រ​ដំឡើងរថយន្ត Ford នឹង​អាច​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ខែមេសា​ខាងមុខ

ភ្នំពេញៈ អគ្គនាយក​ក្រុមហ៊ុន R.M.Asia បាន​​ឱ្យដឹងថា ដំណើរការ​សាងសង់​រោងចក្រ​ដំឡើងរថយន្ត​សម្រេចបាន ១០០ ​ភាគរយ​ហើយ ខណៈ​ការដំឡើង​ឧបករណ៍​នានា​ក៏​សម្រេចបាន​ជិត ៧០ ​ភាគរយ​ផងដែរ ដែល​នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចាប់ផ្តើម​សកម្មភាព​ដំឡើងរថយន្ត​នៅក្នុង​ខែមេសា​ខាងមុខ គឺ​ស្របតាម​ផែនការ​ដែល​បានកំណត់​។

 

លោក ង៉ន សាំង អគ្គនាយក​ក្រុមហ៊ុន R.M.Asia ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បានអោយដឹងថា គិត​មកទល់ពេលនេះ​ដំណើរការ​សាងសង់​អគារ​រោងចក្រ​សម្រេចបាន ១០០ ​ភាគរយ​ហើយ ប៉ុន្តែ​ដំណើរការ​បំពាក់​ឧបករណ៍​នានា​នៅសល់​ប្រហែល ៣០-៤០ ​ភាគរយ​ទៀត​ទើប​រួចរាល់​។ រោងចក្រ​នេះ មាន​ទីតាំង​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រគរ ខេត្តពោធិ៍សាត់​។

លោក​ថា «​តាម​អ្វីដែល​សម្រេចបាន​អំពី​វឌ្ឍនភាព​នៃ​ការងារ​សាងសង់​របស់​យើង ខ្ញុំ​យល់ថា​យើង​សម្រេចបាន​ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក ដោយ​នឹង​អាច​ចាប់ផ្តើម​ដំណើរការ​ដំឡើង​នៅមុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​»​

យោងតាម​លោក ង៉ន សាំង ការសម្រេចបាន​នៃ​ការ​សាងសង់​ដោយ​រលូន​នេះ គឺ​ដោយសារ​មាន​ការជួយជ្រោមជ្រែង​ពី​ថ្នាក់ដឹកនាំ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ថ្នាក់ជាតិ និង​មូលដ្ឋាន ជាពិសេស​គឺ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ការផ្តល់​ពន្ធ​អនុគ្រោះ​ពី​រាជរដ្ឋាភិបាល​។ លោក​បន្តថា នៅ​ដំណាក់កាល​ដំបូង រោងចក្រ​បានជ្រើសរើស និង​បណ្តុះបណ្តាល​បុគ្គលិក​ចំនួន ២០០​ នាក់​រួចរាល់​ហើយ​ដែល​នឹង​ចាប់ផ្តើម​ការងារ​នៅ​ចុងខែ​មីនា និង​ដើមខែ​មេសា ហើយ​នៅ​ដំណាក់កាល​ទី​ ២ រោងចក្រ​នឹង​ត្រូវការ​បុគ្គលិក​រហូត​ដល់ ៥០០ ​នាក់​។ ប៉ុន្តែ​លោក​ក៏​ជួប​ផលវិបាក​មួយចំនួន​ដែរ​ទាក់ទង​នឹង​ប្រព័ន្ធ​ឡូជីស្ទិក​។

លោក​បន្តថា​«​នៅ​ដំណាក់កាល​ដំបូង​នេះ យើង​នឹង​ធ្វើការ​ដំឡើង​រថយន្ត​ចំនួន ៤ ៥០០ ក្នុង​ ១ ​ឆ្នាំ​សម្រាប់​តម្រូវការ​ក្នុង​ទីផ្សារ​។ ប៉ុន្តែ​សមត្ថភាព​ផលិត​ទាំងមូល គឺ​រោងចក្រ​នេះ​អាច​ដំឡើង​បាន​រហូត​ទៅដល់ ១០ ០០០ ​គ្រឿង​»​

យោងតាម លោក ង៉ន សាំង រោងចក្រ​នេះ​នឹង​ដំឡើង​យីហោ​រថយន្ត ​២ ​របស់​ក្រុមហ៊ុន Ford គឺ​យីហោ Ford Ranger និង Ford Everest​«​រថយន្ត​ Ford Brand ជាប់​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​នៅក្នុង​ទីផ្សារ ខណៈ​ចំណែក​ទីផ្សារ​របស់ខ្លួន​មាន ៤៥ ​ភាគរយ​នៃ​រថយន្ត​យីហោ​ថ្មី​សរុប​»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds