ព្រឹកនេះ ជប៉ុន បន្តផ្តល់ប្រាក់កម្ចីដល់កម្ពុជាប្រមាណ$១៨៥លាន

ភ្នំពេញ ៖ ជប៉ុន បន្តផ្តល់ប្រាក់កម្ចីដល់កម្ពុជាប្រមាណ$១៨៥លានបន្ថែមទៀត ជាមួយការប្រាក់ទាប ដើម្បីគាំទ្រការឆ្លើយតបវិបត្តិជំងឺកូវីដ១៩ក្នុងដំណាក់កាលទី២។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចីនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

ថវិកាកម្ចីនេះប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា៖ ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាប់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិចជាដើម។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

កាលពីឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីជាង ២៣៧លានដុល្លារផងដែរ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩នៅកម្ពុជានេះ។ សរុបទាំងពីរលើកជប៉ុនផ្តល់កម្ចីដល់កម្ពុជាជាង ៤២០លានដុល្លារ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ថវិកាជាកម្ចីរបស់ជប៉ុនកាលពីឆ្នាំ២០២០ ជាង ២៣៧លានដុល្លារនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រើប្រាស់នៅឡើយទេ។

ក្រោមចំណងទំនាក់ទំនងដ៏ជ្រាលជ្រៅជប៉ុន គឺជាប្រទេសមួយ ដែលបានរួមចំណែកយ៉ាងច្រើនឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ ទូដាក់វ៉ាក់សាំង ព្រមទាំងបរិក្ខារពេទ្យជាច្រើនផ្សេងទៀត សរុបជាថវិកាជាង ៦០លានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds