ឥណ្ឌាត្រៀមរៀបចំពិធីសាសនាធំមួយដោយមានមនុស្សចូលរួមប្រហែល ១លាននាក់ ខណៈដែលអូមីក្រុងបន្តរាតត្បាតខ្លាំងនៅតាមសហគមន៍
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសឥណ្ឌាគ្រោងនឹងរៀបចំពិធីបែបសាសនាមួយដ៏ធំមួយដែលមានមនុស្សចូលរួមប្រហែល ១លាននាក់ ហើយការជួបជុំក្នុងចំណោមក្រុមមនុស្សដ៏ច្រើននេះត្រូវបានធ្វើឡើងស្របពេលដែលជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងកំពុងរាតត្បាតយ៉ាងខ្លាំងនៅតាមសហគមន៍ក្នុងប្រទេសឥណ្ឌាផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថាពិធីបុណ្យសាសនានោះគឺជាពិធីចុះងូតទឹកទន្លេ Ganges រួមគ្នាក្នុងចំណោមអ្នកកាន់សាសនាហិណ្ឌូដើម្បីលាងជម្រះបាប ហើយតាមគម្រោងគឺពិធីដ៏ធំនេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃសុក្រ ទី១៤ ខាងមុខនេះ។
សម្រាប់ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងវិញបានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការជួបជុំគ្នាក្នុងចំណោមមនុស្សដ៏ច្រើនខាងលើនេះ ដ្បិតមេរោគនៃជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនឹងងាយរាតត្បាតខ្លាំងបំផុតក្នុងបរិយាកាសបែបនោះ។ គួរបញ្ជាក់ជូនថា នៅក្នុងថ្ងៃអង្គារ ទី១១ ខែមករានេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១៦៨,០៦៣នាក់ ដែលតួលេខនេះមានកើនឡើងចំនួន ២០ដង បើធៀបទៅនឹងតួលេខអ្នកឆ្លងប្រចាំថ្ងៃជាមធ្យមកាលពីខែមុន។ កត្តាដែលគួរឲ្យព្រួយបារម្ភមួយទៀតនោះគឺគិតត្រឹមពេលនេះមានពលរដ្ឋឥណ្ឌាប្រមាណជា ៤៥% ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ចំនួន ២ ដូស ខណៈឥណ្ឌាមានពលរដ្ឋសរុបជាង ១,៣ ពាន់លាននាក់៕